(សៀមរាប)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលសាងសង់លើផ្ទៃដី ៧០០ហិកតា វិនិយោគក្នុងទឹកប្រាក់ ១១០០លានដុល្លារ ទើបត្រូវបានបើកដំណើរការនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រៅតែពីផ្ទៃដីសម្រាប់សាងសង់អាកាសយានដ្ឋានថ្មីនេះ ក៏មានការបម្រុងទុកនៅដីចំនួន ១០០០ហិកតាផ្សេងទៀត នៅជាប់តំបន់នោះ ដើម្បីសាងសង់ជាតំបន់សេដ្ឋកិច្ច ឬតំបន់ឧស្សាហកម្ម រណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មីនេះផងដែរ។

ថ្លែងក្នុងពិធីបើកដំណើរការ និងទទួលស្វាគមន៍ជើងហោះហើរពាណិជ្ជកម្ម ដំបូងមកកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧០០.០៦ ហិកតា និងបម្រុងដីប្រមាណ ១០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city)» នាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា «ក្នុងរយៈពេលដ៏ខ្លីខាងមុខ, តំបន់ទីក្រុងអាកាសយានដ្ឋាន (Airport city) នេះ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ដូចដែលសម្តេចតេជោ តែងតែចង្អុលបង្ហាញនូវក្នុងចក្ខុវិស័យរបស់ខ្លួនថា កម្ពុជាមានប៉ូល សេដ្ឋកិច្ច ៣ ទី១. ភ្នំពេញ, ទី២. ក្រុងព្រះសីហនុ, និងទី៣. ទីក្រុងសៀមរាប នេះឯង ហើយសមិទ្ធិផលនេះ ក៏នឹងក្លាយទៅជា ”កាតាលីករ” យ៉ាងសំខាន់ សម្រាប់ជំរុញការងើបឡើងវិញ និងការអភិវឌ្ឍនៃវិស័យទេសចរណ៍ឱ្យមានសក្ដានុពលនៅកម្ពុជា»

លោកបន្ថែមថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងតំបន់ជុំវិញនេះមិនត្រឹមតែចូលរួមទ្រទ្រង់ កំណើនសេដ្ឋកិច្ច, បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមិទ្ធផលមួយយ៉ាងសំខាន់ដែលមិនអាចកាត់ថ្លៃបាន ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់ និងសកល, ជាពិសេស លើកកម្ពស់ទាក់ទាញនៃវិស័យទេសចរណ៍ និងមុខមាត់នៃប្រទេសកម្ពុជា មួយកម្រិតទៀតផងដែរ។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា ក្នុងជំនួបពិភាក្សារវាងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកាលពីពេលកន្លងមក, ក្រុមហ៊ុនបានបញ្ជាក់ឱ្យដឹងថា ខ្លួនកំពុងសិក្សាពីផែនការមេ សម្រាប់អភិវឌ្ឍន៍ទីក្រុងរណប លើផ្ទៃដីប្រមាណ ១០០០ហិកតា ដែលជាប់ជាមួយអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

លោកបន្តថា ក្រុមហ៊ុនយូណាន ដែលវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាក្រុមហ៊ុនដ៏ធំរបស់ចិន ហើយរកស៉ីលើវិស័យសំខាន់ដូចវិស័យសំណង់ វិស័យទេសចរណ៍ និងវិស័យជាច្រើនទៀត។

អាកាសយាន្តដ្ឋានសៀមរាបអង្គរ ជាសមិទ្ធិផលមួយដ៏អស្ចារ្យ ក្រោមការដឹកនាំនិងការឯកភាពគ្នារបស់សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ស៊ី ជីងពីង នៅក្រោមការផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់មួយ បាននិងកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ជាពិសេស បានធ្វើឱ្យមានកិច្ចសហការ លើវិស័យសំខាន់ៗ ដែលជាប្រយោជន៍ដល់ការកែលម្អនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ រួមមានទាំងការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគ និងវិស័យកសិកម្ម៕