(ហាណូយ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះ លោក ផាម មិញជិញ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម ដោយលោកបញ្ជាក់ថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គណៈប្រតិភូ ដើម្បីបង្កើនភាពជិតស្និទ្ធ និងបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីរវាងប្រទេស និងកងទ័ពទាំងពីរ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានរាយការណ៍ជូនពីជំនួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ជុំវិញសកម្មភាព និងគោលដៅនៃកិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តរីកចម្រើន។

ជាការឆ្លើយតប លោក ផាន មិញជិញ បានថ្លែងនូវការស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដោយជឿជាក់ថា តាមរយៈទស្សនកិច្ចនេះនឹងទទួលជោគជ័យ និងបង្កើតការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់សកម្មភាពសហប្រតិបត្តិការយោធា និងការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរចំពោះសមិទ្ធិផលដែលប្រជាពលរដ្ឋកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលបន្ថែមទៀតនាពេលខាងមុខ។

លោក បានយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ និងបានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរកម្ពុជា-វៀតណាម បន្តរក្សាប្រពៃណីនៃកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាថែរក្សាសន្តិភាព ស្ថិរភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់៕