(ភ្នំពេញ)៖ អ្នកធាក់ស៊ីក្លូម្នាក់ ឬអ្នកធ្វើស្រែម្នាក់ បើគាត់និយាយខុស ពេលខ្លះគាត់អាចទទួលស្គាល់កំហុស ពេលខ្លះគាត់អាច បដិសេធថា គាត់មិនបាននិយាយ ឬក៏ថា គាត់និយាយដែរ តែមិនបាននិយាយអញ្ចឹងទេវា គឺជាសិទ្ធិរបស់គាត់ ហើយសំដីនិយាយខុស និងការបដិសេធរបស់គាត់ វាមិនមានឥទ្ធិពលអាក្រក់ដល់សង្គម និងប្រទេសជាតិនោះឡើយ តែបើអ្នកនយោបាយឬមេដឹកនាំធំៗ បើនិយាយខុស វាមិនមែនជះឥទ្ធិពលអាក្រក់ តែទៅលើបុគ្គលរូបនោះទេ គឺវាជះឥទ្ធិពលអាក្រក់ទៅដល់សង្គម និងប្រទេសជាតិ ទាំងមូលតែម្ដង។
ជាក់ស្តែងថ្មីៗនេះលោកប្រធានបក្សប្រឆាំង បានថ្លែងទាមទារឲ្យ សហគមន៏អឺរ៉ុបបញ្ឈប់ការទិញទំនិញកាត់ដេរ ដែលនាំចូលពីកម្ពុជា ដើម្បីដាក់ការគាបសង្កត់មក លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមអ្វីដែលលោកចោទថា ផ្ដាច់ការ និងពុករលួយ។ ក្រោយមកវិទ្យុបារាំង អន្តរជាតិ RFI បានដកស្រង់សំដីលោក សម រង្ស៊ី យកមកផ្សាយ និងបង្ហោះនៅលើវេបសាយរបស់ខ្លួន ហើយត្រូវបានលោកប្រធាន ចូល Comment និង Copy អត្ថបទនោះយកមកបង្ហោះ នៅលើ Facebook របស់ខ្លួន ក្នុងន័យទទួលស្គាល់ ខ្លឹមសារអត្ថបទនោះ ដែលបានផ្ដល់ផលចំណេញឲ្យខ្លួន។ ប៉ុន្តែបន្ទាប់មកក្រុមសហជីព និងកម្មករកាត់ដេរនៅកម្ពុជាបាននាំគ្នាប្រតិកម្ម នូវទង្វើរបស់លោក សម រង្ស៊ី ខាងលើរហូតដល់នាំគ្នាធ្វើការប្រឆាំង និងផ្កោលទោសយ៉ាងគគ្រឹកគគ្រេងរួចមក ស្រាប់តែលោក សម រង្ស៊ី បែរជាចេញមុខ បដិសេធថា លោកមិនបាននិយាយទាមទារឲ្យសហគមន៏អ៉ឺរ៉ុបឈប់ទិញទំនិញកាត់ដេរពីកម្ពុជានោះទេ គឺវិទ្យុ RFI បកប្រែសំដីរបស់ លោកយកទៅផ្សាយខុសតែប៉ុណ្ណោះ។
គេឆ្ងល់ថា បើវិទ្យុនេះបកប្រែសំដីរបស់លោកខុស ចុះហេតុអ្វីលោកមិនព្រមធ្វើការបដិសេធតាំងពីផ្សាយភ្លាមៗទៅ។ ពេលនោះគេដឹងថា លោក សម រង្ស៊ី មិនត្រឹមតែមិន បដិសេធទេ គឺថែមទាំងចូល Comment និង Share និង Copy អត្ថបទនោះយកទៅដាក់បង្ហោះលើ Facebook របស់ខ្លួនទៀតផង ដែលទង្វើនេះបានបង្ហាញ ពីការទទួលស្គាល់នូវការបកប្រែអត្ថបទនោះយ៉ាងច្បាស់ក្រឡែតតែក្រោយ ពីមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងក្លាពីកម្មករ កម្មការិនីរាប់ម៉ឺន រាប់សែននាក់ ទើបលោកចេញមុខធ្វើការបដិសេធ ហើយថែមទាំងលប់ វិដេអូ និងខ្លឹមសារអត្ថបទនោះចេញពីក្នុង Facebook របស់ខ្លួនទៀតផង។
ឥឡូវប៉ុន្មានថ្ងៃមុននេះលោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌលភ្នំពេញ របស់បានចេញមុខថ្លែងបង្ហោះតាម Facebook របស់លោក កឹម សុខា ដោយធ្វើការអះអាងថា គណបក្សសង្គ្រោះជាតិបង្កើត ក្រុមជំនាញ១០ក្រុមដែលហៅថា រដ្ឋាភិបាលស្រមោលឲ្យមានចំនួន ស្របតាមស្ថាប័នសំខាន់ៗ របស់រដ្ឋាភិបាលត្រៀមគ្រប់គ្រង រដ្ឋាភិបាលពេលឈ្នះឆ្នោត។
ប៉ុន្តែក្រោយពីមានការប្រតិកម្មឆ្លើយតប និងមើលឃើញថា ការបង្កើតរដ្ឋាភិបាលស្រមោលវាជារឿងខុសច្បាប់ស្រាប់តែមួយថ្ងៃពីរក្រោយ មកលោក យឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យរបស់បក្សប្រឆាំងចេញមុខធ្វើការបដិសេធថា គណបក្សគ្មានគម្រោងបង្កើត រដ្ឋាភិបាលស្រមោលនោះទេ ហើយឃ្លីបវីដេអូដែល ប្រកាសដោយលោក ស៊ុន ឆ័យ បង្ហោះតាមហ្វេសប៊ុករបស់លោក កឹម សុខា ក៏ត្រូវបានគេកាត់ចេញសម្លេងដើមផងដែរ។
ចំណែករឿងមួយទៀត កើតឡើងនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តបក្សប្រឆាំង បានប្រកាសនៅក្នុងសន្និសីទ កាសែតមួយថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមហើយគាំទ្រដល់យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ជារៀងរាល់ថ្ងៃច័ន្ទ។ ប៉ុន្តែរំលងបានប៉ុន្មានថ្ងៃ និងក្រោយពីមានការ ប្រតិកម្មខ្លាំងៗ និងបូកទាំងព្រមានចាត់វិធានការណ៍ពីសំណាក់បក្ស កាន់អំណាច នៅថ្ងៃទី១៣ ខែសីហា លោក យឹម សុវណ្ណ បានឆ្លើយបញ្ជាក់វិញថា គណបក្ស គ្មានផែនការរៀបចំយន្តការដើម្បីសំដែងមតិ តាមរយៈការពាក់ខោខ្មៅ អាវខ្មៅតាមទីសាធារណៈទេ។
ប្រជាពលរដ្ឋឆ្ងល់ថា ក្រុមអ្នកនយោបាយខាងលើនេះហេតុអ្វី ក៏ចូលចិត្តនិយាយក្រឡិចក្រឡុចម៉្លេះ? មុននឹងនិយាយមុនហារសំដីខ្ជាក់ ចេញមកហេតុអ្វីក៏មិនព្រមគ្រលាស់អណ្ដាតឲ្យបាន១០០ជុំ គិតឲ្យគ្រប់ជ្រុងជ្រោយសិនចាំនិយាយចេញមក!។ ធ្វើជាអ្នកនយោបាយដើម្បី ឲ្យគេគោរព ឲ្យគេស្រឡាញ់ល្មមបញ្ចប់នូវវប្បធម៌និយាយនឹងមាត់ យកជើងលប់ហើយ។ នេះមិនទាន់បានកាន់អំណាចផង បើបានវិញ មិនដឹងប្រទេសជាតិទៅជាយ៉ាងណានោះទេ៕