(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវថែរក្សាទំនៀមទម្លាប់ប្រពៃណីប្រណាំងទូកផ្កាចារឱ្យបាននៅជាអមតៈ។

លោកបានថ្លែងដូច្នេះនៅក្នុងឱកាសប្រកាសបិទព្រឹត្តិការណ៍ប្រណាំងទូកតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីកម្សាន្តសប្បាយរបស់អ្នកស្រុកក៏ដូចជាអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌដែលទើបបានបញ្ចប់ទៅថ្មីៗ ជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១៥, ១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ នៅដងស្ទឹងស្ទោង «មុខវត្តករណីដើម» យ៉ាងសប្បាយរីករាយ។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូចៅអធិការវត្តករណីដើម, លោកអាចារ្យគណៈកម្មការ, សប្បុរសជនជិតឆ្ងាយ ធនាគារ មីក្រូហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជននានា ដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារ ថវិកា គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលស្រុកដើម្បីជាការឧបត្ថម្ភដល់កីឡាករកីឡាការនីដែលបានចូលរួមលេងកម្សាន្តសប្បាយក្នុងរយៈពេលបីថ្ងៃនេះឱ្យកាន់តែវិសេសវិសាលថែមទៀតផង។

លោក សាយ គឹមឡម បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កីឡាករ កីឡាការិនីដែលមានអធ្យាស្រ័យគ្នាខ្ពស់ ក្នុងការលេងកម្សាន្តប្រកបដោយភាពសប្បាយរាយ មានការទទួលខុសត្រូវ ប្រកបដោយមិត្តភាព សាមគ្គីភាពក៏ដូចជាថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយ និងផូរផង់របស់ខ្លួនគួរឱ្យមានមោទកភាពក្រៃលែង។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះក៏មានការឧបត្ថម្ភនូវអង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីវ១យួរ គ្រឿងឧបភោគ បរិភោគសម្ភារប្រើប្រាស់ និងទឹកប្រាក់ចំនួន ១០០,០០០រៀល ដល់ទូកនីមួយៗផងដែរ។

គួរបញ្ជាក់ថាទូកចំនួន ៤៦ទូក និងកីឡាករកីឡាការិនី និងប្រជាពលរដ្ឋជិតឆ្ងាយជាពិសេសអ្នកមូលដ្ឋានស្រុកស្ទោង ប្រមាណជាង ១ម៉ឺននាក់ផងដែរ៕