(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ២៧៧ គ្រួសារ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង រស់នៅភូមិចំនួន ៧ នៃឃុំមហាឬស្សី ឃុំព្រៃហារ និងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ បានធ្វើឡើងនៅទីតាំងចំនួន ២កន្លែង គឺ ទីតាំងទី១ នៅវត្តអង្គរោង សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ១៥០គ្រួសារ ក្រោមវត្តមាន លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ។ ទីតាំងទី២ ភូមិវត្តអង្គរោង ឃុំមហាឬស្សី ស្រុកគង់ពិសី សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ១២៧ ក្រោមវត្តមាន លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោក យូ ឡាណា អគ្គលេខាធិការរងទី២ និងលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះដោយគ្រោះទឹកជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅ។

ជាមួយគ្នានេះ លោកបានពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗដែលនៅក្នុងផ្ទះ ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅស្អាត មានអនាម័យ និងបរិភោគទឹកឆ្អិន ហើយជាពិសេសនោះ គឺត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស និងការលង់ទឹកដោយយថាហេតុ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង ត្បិតថាភូមិសាស្ត្រខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍគ្រប់វិស័យ មានទឹក-ភ្លើងគ្រប់គ្រាន់ និងសំបូរទៅដោយរោងចក្រ សហគ្រាសជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋអាចធ្វើការងារនៅក្បែរផ្ទះ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅឆ្ងាយឡើយ។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា «ថ្មីៗនេះកាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" ហេតុដូចនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អ របស់មនុស្សជាតិ សត្វ និងធម្មជាតិជុំវិញខ្លួន ដែលត្រូវការចាំបាច់ណាស់នូវបរិស្ថានល្អ ពុំមានថង់ប្លាស្ទិក»

លោកបានគូសបញ្ជាក់ពី ផលប៉ះពាល់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងថ្មីៗនេះទៀតសង្គ្រាមរវាង អ៊ីស្រាអែល និងប៉ាលេស្ទីន ដែលធ្វើឱ្យមនុស្សបែកបាក់គ្រួសារ មានអ្នកស្លាប់-របួសរាប់ពាន់នាក់ ដែលនេះជាការឆ្លុះបញ្ចាំងពីតម្លៃនៃសុខសន្តិភាពដែលកម្ពុជាយើងបានមកដោយលំបាក ដោយសារការលះបង់ដ៏ធំធេងរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូប ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព និងអគ្គមគ្គុទ្ទេសក៍នយោបាយឈ្នះឈ្នះ បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងបន្តប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ លើកស្ទួយឧត្តមភាព និងកិត្យានុភាពល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងតំបន់ និងនៅលើសកលលោក។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក វ៉ី សំណាង ដែលបានដឹកនាំកម្លាំងរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពទឹកទំនន់ទឹកភ្លៀងភ្លាមៗ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលាផងដែរ។

ជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូល, លោក វ៉ី សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឯកឧត្តម បានគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ កាយពលមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប និងថវិកា ២ម៉ឺនរៀល៕