(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិាលខេត្តសៀមរាប និងលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ រួមនិងមន្រ្តីពាក់ព័ន្ធមួយចំនួន ទៀត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ បានជួបជជែកគ្នានិយាយពីការកំណត់ព្រំប្រទល់ខេត្តទាំងពីរឲ្យបានច្បាស់លាស់ ដើម្បីបង្ក ភាពងាយស្រួលក្នុងការគ្រប់គ្រងប្រជាពលរដ្ឋក្នុងតាមព្រំប្រទល់ខេត្តទាំងពីរ។
ឆ្លងតាមការបង្ហាញរបស់ថ្នាកដឹកនាំមន្ទីរៀបចំដែនដីនរគរូបនីយកម្ម សំណង់និងសូរិយោដីខេត្តទាំងពីរ រួមទាំងការបង្ហាញរបស់អាជ្ញាធរ ស្រុកដែលមានព្រំប្រទល់ជាប់គ្នា បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានតែងបានគ្រប់គ្រងមូលដ្ឋានជាប់ព្រំខេត្តរួមគ្នា និងតែមានការសហការ គ្នាទៅវិញទៅមកនៅពេលបញ្ហាកើតឡើងក្នុងភូមិសាស្រ្តរបស់ពួកគេ។
ក្រោយពេលស្តាប់នូវបញ្ហា និងផលលំបាកមួយចំនួនរបស់អាជ្ញាធរនៅមូលដ្ឋាន លោកអភិបាលខេត្តទាំងពីរ បានឯកភាពគ្នាឲ្យគ្រប់ បណ្ដាស្រុកដែលមានការពាក់ព័ន្ធត្រូវរក្សាឲ្យបានការគ្រប់គ្រងរដ្ឋបាល។
ចំពោះការកាន់កាប់ដីធ្លីដីដែលស្ថិតនៅភូមិសាស្រ្ត គឺត្រូវការស្នើសូមច្បាប់កាន់កាប់នៅតាមស្រុកនីមួយៗ ឲ្យស្របទៅតាមគំនូសផែនទី រដ្ឋបាលរបស់ក្រសួងមហាផ្ទៃ។
អភិបាលខេត្តទាំងពីរ បានបញ្ជាក់ថា ការកំណត់គំនូសផែនទីព្រំប្រទល់ មិនអាចធ្វើជាខ្សែបន្ទាត់បានឡើយ គឺត្រូវកំណត់ដោយយកអូរ ឫស្ទឹង ផ្លូវ ជាចំណុចសម្គាល់នៃព្រំ ហើយក៏បានស្នើក្រសួងជួយកំណត់ព្រំប្រទល់ខេត្តទាំងពីរឲ្យបាន ច្បាស់លាស់ដើម្បីឆ្លើយតបតាម សំនូមពររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តនោះ៕