(ប៉េកាំង, ចិន)៖ ចូលដល់ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃបេសក​កម្ម​​ការងារលើកទី២នៅលើទឹកដីមហាអំណាចចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តរបៀបវារៈការងារដ៏មមាញឹកតាំងពីព្រឹកព្រលឹម រហូតដល់​ព្រលប់​។ ជាលទ្ធផលនៃរបៀបវារៈការងារដ៏មមាញឹកនាថ្ងៃនេះ បានទទួលលទ្ធផលជាផ្លែផ្កាដ៏ល្អ​ប្រសើរជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

នៅថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនចំនួនពីររូប រួមមាន៖ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន និងលោក ឆាយ ឈី (Cai Qi) សមាជិក​គណៈ​កម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយ​នីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយ​នីស្ដ​ចិន។

បន្ទាប់ពីជំនួបពិភាក្សាការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង បានអញ្ជើញជាអធិបតី ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរួមគ្នារហូតដល់ទៅ៨ផងដែរ។

ក្រៅពីជួបថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនទាំងពីររូបនេះហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតយក្សរបស់ចិនចំនួន៤ និងក្រុមហ៊ុនរបស់ថៃចំនួន១ផងដែរ។ ថ្នាក់ដឹកនាំក្រុមទាំង៥ ដែលសម្តេចធិបតី បានជួបនោះរួមមាន៖ លោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន China Machinery Engineering Corporation (CMEC), លោក សែ ភីង (Tse Ping) អគ្គនាយរង​ក្រុម​ហ៊ុន Charoen Pokphand Group (CP Group), លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group, លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) និងលោកស្រី វិន ជែ (WEN Jia) ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងក្រសួង ស្ថាប័នរបស់កម្ពុជា ជាមួយក្រុមហ៊ុនឯកជនរបស់ចិនផងដែរ។ កិច្ចព្រមព្រៀងនោះរួមមាន៖ កិច្ចព្រមព្រាងផ្នែកបច្ចេកវិទ្យារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) និងកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន។

ខាងក្រោមនេះ គឺជាអត្ថបទពាក់ព័ន្ធនឹងបេសកកម្មការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ៖

១៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុនខ្នាតយក្ស​មួយរបស់ចិន បង្ហាញគម្រោងវិនិយោគលើថាមពលហ្គាស ជាមួយ​ទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក http://fna.asia/5787abf

២៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន CP របស់ថៃ បង្ហាញបំណងពង្រីកការវិនិយោគផ្នែកអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប http://fna.asia/ed2fc54

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រឱ្យបន្តសិក្សាលើគម្រោង​អភិវឌ្ឍន៍ ផ្លូវរថភ្លើងធុនស្រាល​នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប http://fna.asia/4a91ba3

៤៖ ក្នុងជំនួបជាមួយក្រុមហ៊ុន CRCC, សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់លើទិសដៅនៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស http://fna.asia/d1b9866

៥៖ ថ្នាក់ដឹកនាំចិន បង្ហាញឆន្ទៈបន្តសហការគាំទ្រដល់ យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ http://fna.asia/4bf33b3

៦៖ កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងលើឯកសារ៨ទៀត ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ http://fna.asia/00abede

៧៖ នាយករដ្ឋមន្ត្រីចិន ឯកភាពសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើគម្រោងកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សំដៅលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ http://fna.asia/c1ca2d0

៨៖ ជយោ! គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» បោះមួយជំហានទៀតហើយ, រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុនចិន សិក្សាលំអិត មុនឈានដល់ការចរចាចុះកិច្ចព្រមព្រៀងសាងសង់ http://fna.asia/615356b

៩៖ សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា http://fna.asia/9cfd4a8