(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់អង្គការសហប្រជាជាតិដែលដឹកនាំដោយ លោកចូ សូយ័រ(Jo Scheuer)អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងកិច្ចពិភាក្សានោះ លោករដ្ឋមន្ត្រី បានបង្ហាញពីសកម្មភាពជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ ក្នុងការលើកកម្ពស់ជីវភាពកម្មករនិយោជិត និង ទំនាក់ទំនងវិជ្ជាជីវៈក្នុងរោងចក្រសហគ្រាស ក៏ដូចជាការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលសុទ្ធសឹងតែជាចំណុចគន្លឹះៗក្នុងអាណត្តិទី៧នេះ។

ជាការឆ្លើយតប លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានប្រកាសគាំទ្រសកម្មភាពអាទិភាពរបស់ក្រសួង ក៏ដូចជា គាំទ្រសកម្មភាពជាអាទិភាពរបស់ក្រសួង ក៏ដូចជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលមានសម្តេចធិបតីជាប្រមុខ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការសប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួនដែលបានជួយគាំទ្រដល់ក្រសួងលើផ្នែកបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងគម្រោងទីភ្នាក់ងារជាតិ និងមុខរបរ និងផ្នែកផ្សេងៗទៀតនាពេលកន្លងមក។

ក្នុងការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ លោករដ្ឋមន្ត្រីរំពឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) នឹងបន្តជួយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើសកម្មភាពជាអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះផងដែរ៕