(ភ្នំពេញ)៖ លោក Thomas Gobel ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៣, លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានជ្រើសតាំងនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៤ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានជ្រើសតាំងនៃកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៥ បានជួបប្រជុំពិភាក្សាគ្នាត្រីភាគី ដើម្បីចែករំលែកបទពិសោធន៍ និងពង្រឹងការអនុវត្តអនុសញ្ញាអូតាវ៉ា ក្នុងគោលដៅជំរុញឱ្យមានការបេជ្ញាចិត្តរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។

កិច្ចប្រជុំនេះរួមមានការអញ្ជើញចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា, លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និងលោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែលភូគីត្រា។

កិច្ចប្រជុំនេះបានជជែកពិភាក្សាគ្នាផ្តោតលើការងារអាទិភាពសម្រាប់ការអនុវត្តផែនការសកម្មភាព បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្ត សម្រាប់ជំរុញសកលភាវូបនីយកម្មសកម្មភាពមីន ក៏ដូចជាជំរុញឱ្យមានការចូលរួមបន្ថែមជារដ្ឋភាគីចំពោះប្រទេសមួយចំនួនដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងនាមកម្ពុជាដែលនឹងក្លាយជាប្រធាន និងម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន ដែល​មានប្រទេស​ប្រមាណ​ ២០០​ចូលរួម,​ ទេសរដ្ឋមន្រ្តី លី ធុជ បានប្តេជ្ញានឹងបន្តជំរុញប្រកបដោយការយកចិត្តទុកខ្ពស់ ក្នុងការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ក្នុងគោលដៅរួមគ្នាលប់បំបាត់ការប្រើប្រាស់គ្រាប់មីន និងគ្មានជនណាម្នាក់ត្រូវបានទុកចោលឡើយ៕