(សៀមរាប)៖ ក្នុងពេលកន្លងមកគេធ្លាប់តែបានឃើញមន្រ្តីអាជ្ញាធរ តែងបានផ្តល់រង្វាន់លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមយុវជនជា ដើម ដែលបានចូលរួមធ្វើសកម្មភាពជាប្រយោជន៍ក្នុងសង្គម តែនៅថ្ងៃនេះសមាគមមួយដែលតែងធ្វើសកម្មជាគំរូល្អនានាក្នុងប្រទេសកម្ពុជា ឈ្មោះថា «ពលរដ្ឋល្អ សហគមន៍ល្អ» បានផ្តល់ប័ណ្ណសរសើរ និងផ្តល់សម្ភារៈមួយចំនួនទៀត ដល់មន្រ្តីអាជ្ញាធរអប្សរា មន្រ្តីនគរបាលចរាចរ និងមន្រ្តីការពារបេតិ កភណ្ឌ។ បណ្ឌសរសើររួមជាមួយគ្រឿងបរិភោគនេះ ត្រូវបានគេផ្តល់ជូនក្នុងគោលបំណងតបស្នង និងលើកទឹកចិត្តដល់មន្រ្តី និងកម្លាំង នគរបាល ដែលបានធ្វើការងារអស់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ និងប្រជាជន។

លោក សុខ ភា ប្រធានសមាគមពលរដ្ឋល្អសហគមន៍ល្អ បានថ្លែងក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តនាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ ២០១៦នេះថា លោកឧស្សាហ៍ឃើញតែមានការស្តីបន្ទោសទៅដល់មន្រ្តី កម្លាំងសមត្ថកិច្ចនៅពេលធ្វើសកម្មភាពខុសឆ្គង តែគេមិនសូវ ឃើញមានការលើកទឹកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅពេលមន្រ្តី ឬកងកម្លាំងសមត្ថកិច្ចបានធ្វើសកម្មភាពល្អនៅក្នុងសង្គមនោះឡើយ។

«សង្គមយើងច្រើនតែបន្ទោសពេលឃើញគេធ្វើខុស តែមិនសូវចូលចិត្តសរសើរឬលើកទឹកចិត្តនៅពេលដែលឃើញគេធ្វើល្អត្រឹមត្រូវ នោះទេ។ យើងចង់ឲ្យវប្បធម៌ នៃការចេះសរសើរលើកទឹកចិត្តដល់អ្នកធ្វើល្អនេះជ្រួតជ្រាបផ្សព្វផ្សាយទៅកាន់មនុស្ស គ្រប់គ្នាទើបយើង បង្កើតសមាគមពលរដ្ឋល្អសហគមន៍ល្អនេះឡើង»។ នេះជាការបញ្ជាក់របស់លោក សុខ ភា ពេលជូនអំណោយលើកទឹកចិត្តដល់ អាជ្ញាធរជាតិអប្សរា នគរបាលការបេតិកភណ្ឌ នគរបាលទេសចរណ៍ និងសិស្សានុសិស្សក្នុងតំបន់អង្គរនាព្រឹកមិញ។

លោកប្រធានសមាគមរូបនេះ បានលើកបង្ហាញនូវសកម្មភាពមួយចំនួនរបស់មន្រ្តីអាជ្ញាធរអប្សរា មន្រ្តីនគរបាលចរាចរនិងមន្រ្តីការពារ បេតិកភណ្ឌ ដែលនាំឲ្យសមាគមរបស់លោកធ្វើជារង្វាន់លើកទឹកចិត្តនេះឡើង។ បើតាមលោក សុខ ភា សកម្មភាពដែលនាំឲ្យ សមាគមមានការកោតសរសើរនេះ មានដូចជា ការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍របស់អាជ្ញាធរ ជាតិអប្សរា ជាពិសេស គឺភាពស្មោះត្រង់ក្នុងតួនាទីរបស់ភ្នាក់ងារទេសចរណ៍ ដូចជា ការរើសបានកាបូបលុយ ឬសម្ភារៈរបស់ភ្ញៀវហើយ ប្រគល់ជូនពួកគាត់វិញ។ ការជួយស្វែងរកសម្ភារៈដែលភ្ញៀវជ្រុះបាត់ ការជួយសង្គ្រោះពេលភ្ញៀវមានឧបទ្ទវហេតុផ្សេងៗជាដើម។

លោកថា សកម្មភាពទាំងនេះ សុទ្ធតែជាសកម្មភាពដែលសង្គមគួរលើកតម្កើង គួរសរសើរ និងគួរឲ្យគោរពទៀតផង។ «យើងបានឃើញ សកម្មភាពទាំងនេះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម និងសារព័ត៌មានជាញឹកញាប់។ នេះហើយជាអ្វីដែលធ្វើឲ្យសមាគមយើង សម្រេចនាំយកសម្ភារៈមួយចំនួនមកប្រគល់ជូន តាមលទ្ធភាពដែលយើងធ្វើបាន ដើម្បីបង្ហាញអំពីការដែលយើងពេញចិត្តចំពោះទង្វើ ប្រកបដោយការទទួលខុសត្រូវទាំងនេះ»

លោក សុខ ភា រំពឹងថា សកម្មភាពដែលសមាគមរបស់លោកកំពុងធ្វើ នឹងចូលរួមចំណែកបំផុសដល់ស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឲ្យមាន វប្បធម៌លើកទឹកចិត្តតាមរយៈការសរសើរ និងផ្តល់ការលើកទឹកចិត្តផ្សេងៗទៀត ដល់មន្រ្តីរាជការកម្លាំងសមត្ថកិច្ចដែលបានធ្វើសកម្មភាព ល្អនៅក្នុងសង្គម។

លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រង ទេសចរណ៍អង្គរ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយ លើកទឹកចិត្តនេះបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ តាំងពីបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៥មក ក្នុងបុព្វហេតុការពារឲ្យបាននូវតម្លៃលេចធ្លោ ជាសកលនៃរមណីយដ្ឋានអង្គរ។ តាមរយៈកិច្ចប្រឹងប្រែងនេះ អង្គរដែល ត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២ ក្នុងបញ្ជីបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់បានក្លាយជាសម្បត្តិ បេតិកភណ្ឌពិភពលោកពេញលេញក្នុងឆ្នាំ២០០៤កន្លងមក។ ការប្រឹងប្រែងត្រូវបានទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិជា បន្តបន្ទាប់។

លោក សុខ សង្វារ បានបញ្ជាក់ថា ការទទួលបានការលើកទឹកចិត្តពីសមាគមពលរដ្ឋល្អសមាគមល្អនៅពេលនេះក៏ជាកម្លាំងចិត្តមួយ បន្ថែមទៀត ដែលធ្វើឲ្យមានការខិតខំប្រឹងប្រែងបំពេញតួនាទីរបស់មន្រ្តីអាជ្ញាធរអប្សរាឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកបានបញ្ជាក់ថា «អាជ្ញាធរជាតិអប្សរាពិតជារីករាយនឹងទទួលនូវអំណោយលើកទឹកចិត្តនេះ និងសូមថ្លែងអំណរគុណចំពោះ សមាគមពលរដ្ឋល្អ សមាគមល្អ ដែលបានផ្តល់តម្លៃដល់ការងារគ្រប់គ្រងបេតិកភណ្ឌរបស់យើងនៅពេលនេះ»

សូមបញ្ជាក់ថា អំណោយដែលសមាគមពលរដ្ឋល្អសហគមន៍ល្អប្រគល់ជូននៅពេលនេះគឺ អាជ្ញាធរជាតិអប្សរាទទួលបានបណ្ណ សរសើរមួយ អង្ករ៥បេ និងថវិកា ១លានរៀល។ អង្គភាពនគរបាលទេសចរណ៍ និង នគរបាលការពារបេតិកភណ្ឌអង្គភាពនីមួយៗ ទទួលបាន ប័ណ្ណសរសើរមួយ អង្ករ១បេ និងថវិកា៤០ម៉ឺនរៀល។ ចំណែកសិស្សានុសិស្សដែលជាសិស្សពូកែក្នុង៥ស្រុកនៃរមណីយដ្ឋាន អង្គរចំនួន១០០នាក់ទទួលបានកាបូបស្ពាយ និងសម្ភារៈសិក្សាមួយចំនួន។

លោកគ្រូអ្នកគ្រូតំណាងសាលាទាំង៥ស្រុក ក្នុងមួយស្រុកទទួលបានសម្ភារៈមួយចំនួន រួមនឹងថវិកា៥ម៉ឺនរៀលពីសមាគមនិង៤ម៉ឺនរៀល ពីអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា ក៏បានចាត់អ្នកជំនាញជូនដំណើរសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដើម្បីកម្សាន្ត ក្នុងរមណីយដ្ឋានអង្គរផងដែរ៕