(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន២៧៧គ្រួសារ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលរងគ្រោះដោយសារទឹកជំនន់ ទទួលបានអំណោយជួយសង្គ្រោះរបស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។

អំណោយនេះត្រូវបានចែកជូនប្រជាពលរដ្ឋនៅពីរទីតាំងផ្សេងគ្នា ដោយទី១៖ ចំនួន១៥០គ្រួសារ ស្ថិតនៅវត្តអង្គរោង ក្នុងភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងទីតាំងទី២៖ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក យូ ឡាណា បាននាំនូវការផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខា អនុសាខាខេត្តកំពង់ស្ពឺ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់ និងបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះផងដែរ។

លោកអគ្គលេខាធិការរង បានបន្តថា ក្រោយទទួលរបាយការណ៍ពីសាខា អំពីគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ដែលបង្កឲ្យមានផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ផ្ទះសម្បែង ស្រែចំការ របស់ប្រជាពលរដ្ឋ ភ្លាមៗសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ឲ្យអាជ្ញាធរបន្តតាមដានឲ្យបានម៉ត់ចត់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនៅក្នុងរដូវភ្លៀងធ្លាក់យ៉ាងកំហុករយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មកនេះករណីទឹកជនប៉ះពាល់ខ្នង់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣៩៧គ្រួសារ លើ៨ភូមិ ក្នុង៣ឃុំ (ឃុំស្នំក្រពើ ប៉ះពាល់៤ភូមិ  ឃុំមហាឫស្សី ប៉ះពាល់ ចំនួន២ភូមិ និងព្រៃវិហារ ចំនួន ២ភូមិ) សរុប២៧៧គ្រួសារ៕