(ភ្នំពេញ)៖ ជាមួយវេជ្ជបណ្ឌិតជំនាញល្បីៗទាំងខ្មែរ អឺរ៉ុប អាមេរិក និងអូស្ត្រាលី មន្ទីរពហុព្យាបាលថ្មីមួយបានប្តេជ្ញា ទាញយកទំនុកចិត្ត
ពីពលរដ្ឋកម្ពុជាឲ្យវិលមកវិញក្នុងការពិនិត្យរោគ និងព្យាបាលជំងឺនៅក្នុងប្រទេស។
លោកវេជ្ជបណ្ឌិត សោម លក្ខិណា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមា (KHEMA International
Polyclinic) បានិយាយថា “យើងបានដឹងជាទូទៅថា មានការរិះគន់ និងការមិនពេញចិត្តពីសំណាក់អ្នកជំងឺ និងក្រុមគ្រួសាររបស់គេ
មួយចំនួនពីគុណភាពសេវា និងសីលធម៌របស់អ្នកផ្តល់សេវាថែទាំព្យាបាលនៅក្នុងស្រុកខ្មែរយើង។ យើងពិតជាទទួលស្គាល់ថា
យើងនៅមានចំណុចត្រូវកែលំអ និងពង្រឹងបន្ថែម ហេតុដូច្នេះហើយបានជាយើងខិតខំប្រឹងប្រែងប្រមែប្រមូលធនធាន និងស្វះស្វែង
រកដៃគូជាតិ និងអន្តរជាតិនានា ដើម្បីបើកមន្ទីរពហុព្យាបាលអន្តរជាតិខេមានេះឡើង ក្នុងបំណងជួយលើកកម្ពស់ស្តង់ដារព្យាបាល
របស់យើងឲ្យបានខ្ពស់ស្មើនឹងកម្រិតតំបន់”។
លោកវេជ្ជបណ្ឌិត សោម លក្ខិណា ដែលជានាយកប្រតិបត្តិនៃមន្ទីរសំរាកព្យាបាល និងសម្ភពខេមា ដែរនោះ បានបន្តថា ”យើងនឹង
បន្តខិតខំផ្តល់សេវាថែទាំសុខភាពដោយផ្តោតលើគុណភាពជាចម្បង ប្រកាន់ខ្ជាប់តាមក្រមសីលធម៌វិជ្ជាជីវៈ និងជំនាញច្បាស់លាស់”។
ដោយឈរលើគោលការណ៍បទដ្ឋានសកល គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ព្រមទាំងមានអគារកម្ពស់១០ជាន់និង
ឧបករណ៍វេជ្ជសាស្រ្តឌីជីថលទំនើប ដែលចំណាយទឹកប្រាក់រាប់លានដុល្លារនោះ មន្ទីរពហុព្យាបាលអន្តរជាតិខេមា មានបំណងទាញ
យកការទុកចិត្ត និងទទួលយកសេវាវេជ្ជសាស្រ្តនៅក្នុងប្រទេសជាជាងទៅបរទេសដែលចំណាយប្រាស់មិនចាំបាច់ និងខាតពេលវេលា។
លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកគ្រប់គ្រងមន្ទីរពហុព្យាបាលអន្តរជាតិខេមាបាននិយាយថា បទដ្ឋាននិងគុណភាពសកលដែល នៅអឺរ៉ុប អាមេរិក និងសិង្ហបូរីប្រកាន់យករួមមានបីចំណុច គឺទី១ ប្រព័ន្ធរៀបចំទាំងអគារនិងសម្ភារៈបច្ចេកទេសពេទ្យ រួមមានឧបករណ៍ ពិនិត្យនិងព្យាបាល បន្ទប់និងគ្រែសម្រាក ប្រព័ន្ធខ្យល់និងទឹកអនាម័យ ទី២ដំណើរការព្យាបាលដោយធ្វើការពិនិត្យ ពិគ្រោះ អង្កេត វិភាគ និងវិនិច្ឆ័យរោគតាមម៉ាស៊ីនឌីជីថលទំនើប មុននឹងព្យាបាល ហើយទី៣គឺលទ្ធផលនៃការព្យាបាល ដែលមានការពេញចិត្តពីអ្នកជំងឺ និងគ្រួសារ។
លោកវេជ្ជបណ្ឌិត បន្តថា បីចំណុចខាងលើនេះគឺមន្ទីរពហុព្យាបាលរបស់លោកបានប្រកាន់យក ហើយលោកបានលើកឧទាហរណ៍មក
បញ្ជាក់ថា គ្រាន់តែម៉ាស៊ីនស្កែនគឺនាំពីបរទេស ដោយមានអ្នកជំនាញវេជ្ជសាស្រ្តសិង្ហបូរីមកតម្លើង។
លោកបន្តថា ការបើកដំណើរការមន្ទីរពហុព្យាបាលនៅម្តុំបឹងកេងកងកណ្តាលរាជធានីភ្នំពេញនាពេលថ្មីៗក្នុងពេល២៤ម៉ោងនេះ គឺដើម្បី
ជួយអ្នកជំងឺនៅកម្ពុជា ពិសេសអ្នកដែលតែងតែទៅរកការព្យាបាលនៅក្រៅប្រទេសនោះ បានកាត់បន្ថយការចំណាយប្រាក់កាសច្រើន
មិនចាំបាច់ និងចំណេញពេលវេលា ព្រមទាំងបានទទួលសេវាព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាពនិងការជឿទុកចិត្ត ខ្ពស់។ មន្ទីរពហុព្យាបាលនេះមានផ្តល់សេវាជាច្រើនដូចជា មណ្ឌលរោគវិនិច្ឆ័យ (Diagnostic Center) ផ្នែកជំងឺទូទៅ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកជំងឺកុមារ (ពិសេសចំពោះកុមារមានវិបត្តិនៃការនិយាយ ឬការលូតលាស់ខុសធម្មតា និងវិបត្តិផ្លូវចិត្ត) ផ្នែកជំងឺប្រព័ន្ធ រំលាយអាហារ និងឫសដូងបាត ផ្នែកជំងឺរ៉ាំរ៉ៃ (ដូចជាទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម ជំងឺបេះដូង និងសរសៃឈាម) ផ្នែកជំងឺឆ្អឹង និងសន្លាក់ (បាក់ឆ្អឹង ខូចក្បាលឆ្នឹងត្រកៀក និងជង្គង់) ផ្នែកជំងឺប្រព័ន្ធសរសៃប្រសាទ (ស្ទះ និងដាច់សរសៃឈាមខួរក្បាល និងជំងឺឆ្អឹងខ្នង) ផ្នែកជំងឺឆ្លងដូចជារលាកថ្លើមបេ និងរលាកថ្លើមបេសេ មណ្ឌលស្តារនិតិសម្បទាវេជ្ជសាស្រ្ត (Medical Rehabilitation Center) សម្រាប់មនុស្សចាស់ខូចមួយចំហៀងខ្លួន ឬមួយកំណាត់ខ្លួន ឬទាំងមូលក្រោយស្ទះ ឬដាច់សរសៃឈាមខួរក្បាល វិបត្តិនៃការនិយាយ និងវិបត្តិផ្លូវចិត្ត ផ្នែកពិនិត្យសុខភាពចល័ត (Mobile Screening and Examination Unit) និងផ្នែកថែទាំសុខភាពតាមផ្ទះ (Homecare Unit)។
សូមបញ្ជាក់ថា មន្ទីរពហុព្យាបាលអន្តរជាតិខេមាស្ថិតនៅដីឡូត៍លេខ ២៨ ផ្លូវ ២៩៤ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន
រាជធានីភ្នំពេញ៕