(ភ្នំពេញ)៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃក្នុងឆ្នាំ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុបជិត២លាននាក់។ នេះបើតាមក្រសួងទេសចរណ៍ដែលទើបតែចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ខណៈពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់តាំងពីថ្ងៃទី១៥នោះ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា «ភ្ញៀវទេសចរដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ទេសចរជាតិមានប្រមាណ១.៨៩លាននាក់ កើនឡើង ៥២.២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ចំណែកទេសចរបរទេសមានប្រមាណ២.៧ម៉ឺននាក់ កើនឡើង ៩០.៥%»

អ្វីដែលគួរកត់សម្គាល់ក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះ គឺខេត្តត្បូងឃ្មុំបានឈរលើកំពូលតារាងខេត្តដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ ពោលគឺមានចំនួនដល់ទៅ៤៤០,៣០០នាក់ តាមពីក្រោយដោយខេត្តបាត់ដំបង២១១,៣២៩នាក់ ខេត្តកំពង់ឆ្នាំង១៦៨,០៦១នាក់ ខេត្តព្រះសីហនុ១៥៧,០៤៦នាក់ និងខេត្តសៀមរាប១២៥,៤៤៩នាក់។

ស្ថិតិទេសចរផ្ទៃក្នុងសរុបជិត២លាននាក់នេះ គឺរដ្ឋបាលរាជធានី-ខេត្តបានរាប់បញ្ចូលទាំងភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានា។

ជាមួយគ្នានេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូក បណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច។ ខេត្តកំពង់ឆ្នាំងមានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនា ដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដទៃទៀតនៅគ្រប់រាជធានី-ខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។

សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាពនិងតម្លៃសេវាទេសចរណ៍នានាមានភាពល្អប្រសើរ កម្លាំងសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕