(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីជូនដំណឹងស្តីពីការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋសភា បានជម្រាបជូនតំណាងរាស្ត្រក្នុងតំណែងរួមមាន៖

ទី១៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ទេរសមត្ថកិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាតំណាងរាស្ត្រ ក្នុងតំណែងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ

ទី២៖ ការិយាល័យចុះឈ្មោះបោះឆ្នោតមួយត្រូវបានបង្កើតឡើងនៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា

ទី៣៖ ការិយាល័យនេះមានភារកិច្ចទទួលចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

៤៖ ការិយាល័យនេះចាប់ទទួលការចុះឈ្មោះ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:០០ ដល់ម៉ោង ១៧:៣០នាទី លើកលែងតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ

ទី៥៖ អាស្រ័យហេតុនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមអញ្ជើញតំណាងរាស្ត្រក្នុងតំណែងមកចុះឈ្មោះបោះឆ្នោត នៅការិយាល័យដូចបានជម្រាបជូនខាងលើដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬបណ្ណអភ័យឯកសិទ្ធិតំណាងរាស្ត្រ (អាណត្តិទី៧)។

និងទី៦៖ អ្នកសង្កេតការណ៍ និងតំណាងគណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចអញ្ជើញមកសង្កេតការណ៍ដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះ នៅការិយាល័យចុះឈ្មោះបោះឆ្នោតដូចបានជម្រាបជូនខាងលើ៕