(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែសីហានេះ បានសម្រេចបដិសេធ ដោយមិនព្រមទទួលយកការចូលបំភ្លឺតាមប្រព័ន្ធ អ៉ិនធើណិត (Internet) របស់ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះទេ ជុំវិញសំណុំរឿងចោទរដ្ឋាភិបាលថា ជាអ្នករៀបចំឃាតកម្ម លើបណ្ឌិត កែម ឡី។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
ការប្រកាសជំហររបស់ តុលាការក្រុងភ្នំពេញ នាពេលនេះបានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះនៅលើបណ្តាញសង្គម Facebook របស់លោក នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះថា លោកស្ម័គ្រចូលបំភ្លឺតាមប្រព័ន្ធអ៉ីនធើណិត (Internet) គឺតាម Teleconference ដើម្បីឆ្លើយតបទៅនឹងដីកាកោះហៅ របស់តុលាការក្រុងភ្នំពេញ ចំពោះសំណុំរឿងនេះ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអះអាងប្រាប់ Fresh News ឱ្យដឹងនៅមុននេះយ៉ាងដូច្នេះថា «យើងមិនអនុញ្ញាតលើសំណើរសុំរបស់ជនជាប់សង្ស័យឈ្មោះ សម រង្ស៊ី សម្រាប់ការស្តាប់ចម្លើយនៅថ្ងៃទី១៩ សីហា ២០១៦ តាមកម្មវិធី Teleconference ដោយប្រើប្រាស់ប្រពន្ធ័ Internet ដោយមូលហេតុ៖ ឈ្មោះ សម រង្ស៊ី ជាជនជាប់សង្ស័យមិនមែនជាសាក្សី ។ ជនជាប់សង្ស័យត្រូវស្តាប់ចម្លើយចំពោះមុខព្រះរាជអាជ្ញានៅកាលបរិច្ឆេទកោះហៅ ដោយអនុលោមតាមនីតិវិធីដែលបញ្ញត្តិ នៅក្នុងក្រមនីតិវីធីព្រហ្មទណ្ឌ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញដដែលរូបនោះបានបន្តបញ្ជាក់ថា «សាលាក្តីខ្មែរក្រហមបានប្រើប្រាស់នូវតាមកម្មវិធី Teleconference ដោយប្រើប្រាស់ប្រព័ន្ធ Internet សម្រាប់សាក្សីតែប៉ុណ្ណោះ ដែលជាវីធានការដោយឡែក ហើយមិនត្រូវបានប្រើសម្រាប់ជនជាប់សង្ស័យ ឬជនត្រូវចោទ ឬជនជាប់ចោទនោះឡើយ»។ តាមផ្លូវច្បាប់ គេនិយាយអំពីភស្តុតាង មិនមែននិយាយអំពីជំនឿរបស់បុគ្គលនោះទេ ហើយជនជាប់សង្ស័យអាចដាក់ភស្តុតាង សម្រាប់ការពារខ្លួន និងជូនតុលាការពិនិត្យដោយផ្ទាល់ខ្លួន ឬតាមរយៈមេធាវីការពារក្តីរបស់ខ្លួន»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ លោកមេធាវី គី តិច តំណាងសម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងដោយប្តឹង លោក សម រង្ស៉ី និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី រឿងចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្ម សម្លាប់លោកបណ្ឌិត កែម ឡី។
ចំពោះរឿងនេះសម្តេចតេជោ ហ៊ុន សែន បានសម្រេចប្តឹងទាមទារសំណងតែ១០០រៀលប៉ុណ្ណោះ ប៉ុន្តែមេធាវីអះអាងថា ដើមបណ្តឹងចង់ឱ្យតុលាការ អនុវត្តទៅតាមច្បាប់ជាធរមាន ចំពោះអ្នកទាំងពីរដែលធ្វើការចោទប្រកាន់គ្មានមូលដ្ឋាន៕