(ភ្នំពេញ)៖ លោក មាន សទិ សមាជិក គ.ជ.ប បានលើកឡើងថា នៅថ្ងៃអនាគតប្រសិនបើអាជ្ញាធរដែនដីគ្រប់គ្រងការចល័តរបស់ប្រជាពលរដ្ឋបាន នោះប្រហែលជាមិនមានការចុះឈ្មោះបោះឆ្នោតទេ គឺរៀបចំជាបញ្ជីបោះឆ្នោត ដំបូង រួចបិទផ្សាយជាសាធារណៈតែម្តង។

នេះបើយោងតាមការដកស្រង់សម្តីរបស់លោក មាន សទិ តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីការចុះឈ្មោះអ្នកបោះឆ្នោត និងការកែតម្រូវបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។

លោក មាន សទិ បានបន្តថា ប្រទេសកម្ពុជា កំពុងអនុវត្តទៅលើការបោះឆ្នោតអសកលចំនួនពីរចំពោះបញ្ជីបោះឆ្នោតនេះ គឺការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ នៅលើសកលលោកការរៀបចំបញ្ជីបោះឆ្នោត ដូចនេះ ចំណេញថវិកាច្រើន។

លោក មាន សទិ ក៏បានលើកឡើងអំពីការរៀបចំបញ្ជីឈ្មោះអ្នក បោះឆ្នោតនៅបណ្តាប្រទេសផ្សេងៗ ក្នុងការបោះឆ្នោតជាសកលថា  អត់មានការចុះឈ្មោះបោះឆ្នោត ទេ គឺអាជ្ញាធរដែនដីជាអ្នករៀបចំបញ្ជីបោះឆ្នោតដំបូង រួចយកទៅបិទផ្សាយដើម្បីប្តឹងទៅតុលាការ ឬប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕