(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីការចុះឈ្មោះអ្នកបោះឆ្នោត និងការកែតម្រូវបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។

លោក មាន សទិ បានថ្លែងថា ការចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវធ្វើនៅឃុំ សង្កាត់ និងនៅរដ្ឋសភា ចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ហើយបញ្ចប់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ ប្រព្រឹត្ត ទៅតាមប្រតិទិនការងាររបស់ គ.ជ.ប ដោយគ្មានការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់នោះទេ។ ប៉ុន្តែនៅពេល បញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងទីប្រជុំជនមួយចំនួនក្នុងរាជធានី ខេត្ត សម្រាប់ ប្ដឹងតវ៉ា ឬប្ដឹងជំទាស់។

លោកបានបន្តថា ការដោះស្រាយពាក្យបណ្តឹងត្រូវអនុវត្តចាប់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ថ្នាក់ គ.ជ.ប ហើយត្រូវបញ្ចប់នៅក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបានថ្លែងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ មណ្ឌលបោះឆ្នោតត្រូវបានរៀបចំ និងបែងចែកជា ៨ភូមិភាគ ដែលមានអាសនៈសរុបចំនួន ៥៨ (បន្ថែម សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន)។

ចំពោះបញ្ជីឈ្មោះអ្នកបោះឆ្នោត លោក មាន សទិ បានបន្តថា ត្រូវបានរៀបចំ នៅតាមរាជធានី ខេត្តនីមួយៗ រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រនៃរាជធានី ខេត្តនីមួយៗ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលនីមួយៗ នៃមណ្ឌលទាំង៨ នៅទូទាំងប្រទេស។

លោកបានបន្ថែមថា ការចុះឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមរបៀបស្រ ង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជីឈ្មោះដោយឡែកពីគ្នាទៅតាមអង្គបោះឆ្នោតនីមួយៗ និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។

លោក មាន សទិ បានបន្ថែមថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវរៀបចំបញ្ជី ឈ្មោះតំណាងរាស្ត្រក្នុងតំណែ ងរួចអគ្គលេខាធិការរដ្ឋសភាចុះហត្ថលេខា និងបោះត្រាអគ្គលេខា- ធិការដ្ឋានរដ្ឋសភា ដែលមានការបញ្ជាក់ឯកភាពពីប្រធានរដ្ឋសភា រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ បញ្ជីឈ្មោះនេះ ត្រូវរៀបចំដោយឡែកពីគ្នាទៅតាមតំណាងរាស្ត្រក្នុងតំណែងនៃមណ្ឌលរាជធានី ខេត្តនីមួយៗ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖