(ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ តំណាងវិទ្យាស្ថានវិស្វកម្ម ថាមពលកកើតឡើងវិញចិន (China Renewable Energy Engineering Institute-CREEI)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហការរវាងអាស៊ាន និងចិន ក្នុងវិស័យថាមពលកកើតឡើងវិញ។

នៅព្រឹកថ្ងៃអង្គារដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោក Xu Ningning ប្រធានក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន សម្រាប់គំនិតផ្តួចផ្តើមនានា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចនៅក្នុងអាស៊ាន និងចិន។ 

បន្ទាប់មកនៅព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន China Energy International Group ដឹកនាំដោយលោក Xue Danfeng អនុប្រធានក្រុមហ៊ុន។ ភាគីទាំងពីរបានពិភាក្សារកឱកាសដើម្បីសហការលើវិស័យថាមពល ដើម្បីគាំទ្រដល់ភាពជាដៃគូអាស៊ាន-ចិន។

ដោយឡែកនៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣​ នៅសាកលវិទ្យាល័យកិច្ចការបរទេសចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថាក្រោមប្រធានបទ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន: ធ្វើការរួមគ្នាដើម្បីបង្កើតភាពជាដៃគូកាន់តែរឹងមាំសម្រាប់សន្តិភាព វិបុលភាព និងប្រជាជន»