(សៀមរាប)៖ មូលនិធីសេវា (The Seva Foundation) ប្រចាំកម្ពុជា ក្រោមភាពជាដៃគូរជាមួយនឹងក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិសុខភាពភ្នែក និងក្រោមកិច្ចសហប្រតិបត្តិការ រវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបើកសិក្ខាសាលា ស្ដីពី «ស្ដង់ដារចាំចាប់អប្បបរមា ក្នុងការកែរលំអសុវត្ថិភាព និងគុណភាព នៃការថែទាំអ្នកជំងឺ» ដែលបានរៀបចំពេញមួយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ សោមាទេវី ខេត្តសៀមរាប។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងលោក Roshan Bista មន្ត្រីសម្របសម្រួលនៃមូលនិធិសេវាប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់សាស្ត្រចារ្យ វេជ្ជបណ្ឌិត និងអ្នកជំនាញសុខភាពភ្នែក ព្រមទាំងដៃគូរពាក់ព័ន្ធ ប្រមាណ ៣០រូប មកពីបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តតាកែវ កំពត ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

លោក Roshan Bista បានបញ្ជាក់ឲ្យដឹងថា មូលនិធិសេវា បានចុះឈ្នោះនៅសហរដ្ឋអាមេរិក ជាអង្គការមិនរកប្រាក់ចំណេញ មានបេសកកម្មថែរក្សាសុខភាពភ្នែក នៅបណ្ដាប្រទេសដែលកំពុងមានការអភិវឌ្ឍន៍ ៤៦ឆ្នាំកន្លងមកហើយ។

ចាប់តាំងពីឆ្នាំ១៩៩៩ មូលនិធិសេវា មានភាពជាដៃគូរជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា តាមរយៈកម្មវិធីជាតិសុខភាពភ្នែក ដើម្បីគាំទ្រលើការបណ្ដុះបណ្ដាល ដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ផ្នែកសុខភាពភ្នែក ក្នុងការផ្ដល់សេវាថែទាំ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋកម្ពុជា។

សម្រាប់សិក្ខាសាលានេះ គឺក្នុងគោលបំណងលើកទឹកចិត្តអ្នកចូលរួម ដើម្បីឲ្យចូលរួមពិនិត្យឡើងវិញនូវពិធីសារ ដែលមានស្រាប់នៅក្នុងមន្ទីរពេទ្យរបស់ខ្លួន និងផ្ដោតលើការថែទាំសុខភាពប្រកបដោយសេចក្ដីថ្នៃថ្នូរ ព្រមទាំងការគោរពចំពោះអ្នកជំងឺ ហើយនាំមកនូវការយកចិត្តទុកដាក់លើសារៈសំខាន់ នៃនិតីវិធីប្រតិបត្តិការស្ដង់ដារ (SOP) សម្រាប់កែរលំអផ្នែកសំខាន់ៗនៃការថែទាំសុខភាពភ្នែក។
ព្រមទាំងដើម្បីបង្កើតវប្បធម៌លើកទឹកចិត្តដល់បុគ្គលិកមន្ទីរពេទ្យឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលនានា និងលើកទឹកចិត្តចំពោះមន្ទីរពេទ្យដែលទទួលបានជ័យលាភី លើស្ដង់ដារសុវត្ថិភាព និងគុណភាព ឲ្យក្លាយទៅជា សវនករទាំងក្នុងនិងក្រៅ សម្រាប់កែរលំអគុណភាព និងសុខភាពភ្នែក ព្រមទាំងដើម្បីយល់ពីឧបសគ្គ សម្រាប់ការមិនបានប្រកាន់ខ្ជាប់នូវនិតីវិធីស្ដង់ដារដែលចាំបាប់។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងផងដែរថា បើតាមរយៈការវាយតម្លៃរហ័សរបស់ក្រសួងសុខាភិបាល ឆ្នាំ២០១៩ នៅកម្ពុជាឃើញថាមានអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែក ពី ០.៣៨% ក្នុងឆ្នាំ២០០៧ ថយចុះមក ០.៣៧% ក្នុងឆ្នាំ២០១៩។ ដើម្បីចូលរួមបង្ការភាពពិការភ្នែក មូលនិធិសេវា បានផ្ដល់វគ្គបណ្ដុះបណ្ដាល ស្ដីពី Observe Understanding Change Training ទៅដល់មន្ទីរពេទ្យដៃគូរចាំបាច់។

លោកបន្ដថាកម្មវិធីគំហើញរបស់មូលនិធិសេវានេះ បានអនុវត្តនៅក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ១៩៩៩ ដែលបានជួយឧបត្ថម្ភទៅលើមន្ទីរពេទ្យភ្នែកតំបន់សៀមរាប និងមន្ទីរពេទ្យកុមារអង្គរ ទៅលើការអភិវឌ្ឍន៍ផ្នែកចក្ខុសាស្ត្រដែលមានស្រាប់ ដោយផ្ដល់ការគាំទ្រលើការបណ្ដុះបណ្ដាល ដល់អ្នកគ្រប់គ្រងថែទាំភ្នែក ចក្ខុបណ្ឌិត និងបុគ្គលិកជំនាញផ្នែកចក្ខុសាស្ត្រ ទាំងក្នុងនិងក្រៅប្រទេសផងដែរ។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យ ងី ម៉េង បានគូសបញ្ជាក់ក្នុងកម្មវិធីសិក្ខាសាលានេះថា វិស័យសុខភាពភ្នែកកំពុងមានការរីកចម្រើនជាលំដាប់នៅកម្ពុជា ដោយយើងសម្រេចបាន អត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែក ពី ០.៣៨% ក្នុងឆ្នាំ២០០៧ ថយចុះមក ០.៣៧% ក្នុងឆ្នាំ២០១៩ ហើយយើងប្ដេជ្ញារួមគ្នាកាត់បន្ថយអាត្រាវ៉ាឡង់នេះមកនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០។

លោកសាស្ត្រាចារ្យ ងី ម៉េង បន្ដថាចំពោះការវៈកាត់បាយភ្នែកឆ្នាំ២០២២បានកើនឡើង បើប្រៀបធៀបទៅឆ្នាំកន្លងមក មានចំនួនសរុប ៦៣,៤២០ករណី ហើយបើគិតជាមួយអត្រាប្រជាជនក្នុង ១លាននាក់ ក្នុង១ឆ្នាំ គឺទទួលបាន ២,១៤៧ករណី។ ហើយការពង្រឹងសេវាសុខភាពភ្នែក សុវត្ថិភាព និងគុណភាពនៃការថែទាំអ្នកជំងឺ ជាចំណុចអទិភាពមួយដែលកម្មវិធីជាតិសុខភាពភ្នែក កំពុងរួមគ្នាជាមួយដៃគូរ រៀបចំពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់ និងកែរលំអរស្ដង់ដារអប្បបរមា ដើម្បីឆ្លើយតបតាមយុទ្ធសាស្ត្រជាតិ ស្ដីពី ការគ្រប់គ្រងនិងបង្ការភាពពិការភ្នែក ២០២១-២០៣០។

គោលបំណងនោះ គឺកែរលំអ និងពង្រឹងគុណភាព អនុលោមតាមស្ដង់ដារ ដើម្បីធានាបានការផ្ដល់សេវាថែទាំភ្នែកទានពេលវេលា គុណភាព សុវត្ថិភាព ប្រសិទ្ធិភាព និងតម្លៃសមរក្យ នៅគ្រប់កម្រិតនៃសេវាថែទាំសុខភាពភ្នែក។

លោកសាស្ត្រាចារ្យបន្តឲ្យដឹងថា សិក្ខាសាលាថ្ងៃនេះ គឺជាការចូលរួមចំណែក និងមានសារៈសំខាន់ណាស់សម្រាប់ខេត្តទាំង៦ ដែលជាដៃគូររបស់អង្គការសេវា ហើយវាជាធាតុចូលមួយនៃស្ដង់ដារអប្បបរិមានៃការថែទាំសុខភាពភ្នែក ដែលកម្ពុជាកំពុងរៀបចំ។ លោកសាស្ត្រចារ្យសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាក្នុងថ្ងៃនេះ នឹងសម្រេចគោលដៅរបស់ខ្លួន ដូចដែលបានកំណត់ទុក៕