(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងគោរមងារប្រគេន ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ព្រះរាជាគណៈថ្នាក់ទោ ឱ្យឡើងជា «សម្ដេចព្រះមហាអរិយវង្ស» គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

គួរឱ្យដឹងថា មុននឹងទទួលបានគោរមងារជា «សម្ដេចព្រះមហាអរិយវង្ស» ព្រះតេជគុណ យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជំនួសសម្តេច ឃី សុវណ្ណរតនា។

ព្រះភិក្ខុមុនីកោសលបណ្ឌិត យ៉ន សេងយៀត គឺជាបញ្ញវន្តសង្ឃនិកាយថេរវាទទី១ ដែលទទួលបានសក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋពីសាកលវិទ្យាល័យហាតវឺដ ( Harvard) ដ៏ល្បីឈ្មោះកម្រិតពិភពលោករបស់សហរដ្ឋអាមេរិក។ ព្រះតេជគុណ យ៉ន សេងយៀត ទទួលបានសក្ខីបត្រថា្នក់បណ្ឌិតជាផ្លូវការពីសាកលវិទ្យាល័យកំពូលរបស់អាមេរិកកាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅថ្មីៗនេះ។

ព្រះភិក្ខុមុនីកោសលបណ្ឌិត យ៉ន សេងយៀត បានសិក្សានៅមហាវិទ្យាល័យហាតវឺដ ឯកទេសទស្សនវិជ្ជា (Harvard Divinity school) រយៈពេលបួនឆ្នាំ ដោយសិក្សា និងស្រាវជ្រាវបញ្ចប់ថ្នាក់ក្រោយបណ្ឌិត ឬ Postdoc លើប្រធានបទ «មាគ៌ាអរិយជន» ដែលផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាង និងថែរក្សាសន្តិភាព។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត គឺជាព្រះសង្ឃខែ្មរទី១ ដែលត្រវបានជ្រើសរើសតាមរយៈការផ្ដល់អាហារូបករណ៍ឱ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យ ហាតវឺដ លើឯកទេសទស្សនវិជ្ជានៅក្នុងព្រះពុទ្ធសាសនា នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនចាប់តាំងពីការបង្កើតសាកលវិទ្យាល័យនេះឡើងនៅក្នុងឆ្នាំ១៦៣៦មក៕