(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត កុំមានការព្រួយបារម្ភខ្លាំងពេក រហូតមានការជ្រួលច្របល់តាមបណ្ដាញសង្គម ពាក់ព័ន្ធបញ្ហាជំនន់ទឺកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក បានអះអាងថា រហូតមកដល់ពេលនេះ ស្ថានភាពទឹកក្នុងផ្ទៃរងទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន មិនទាន់ជន់ឡើងខ្លាំងនោះទេ ពោលគិតត្រឹមម៉ោង ២រសៀលនេះ ស្ថានភាពទឹកនៅធម្មតា មិនឡើងទៀតនោះឡើយ។
អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាទឹកនៅខេត្តកំពង់ស្ពឺមិនធ្ងន់ធ្ងរនោះទេ ពោលនៅយប់មិញនេះមានកន្លែងខ្លះត្រង់ចំណុចផ្ទៃរងទឹកភ្លៀង នៃអាងស្ដុកទឹកស្ទឹងព្រែកត្នោត មានចន្លោះ១០៧-១០៨មីល្លីម៉ែត្រ ប៉ុន្ដែការធ្លាក់ភ្លៀងនេះមិនមែនទូទាំងស្ទឹងព្រែកត្នោតនោះទេ។ ដូច្នេះបរិមាណទឹកស្ថិតក្នុងការគ្រប់គ្រងបាននៅឡើយ មិនទាន់មានអ្វីចោទជាបញ្ហានោះទេ»។
លោក ចាន់ យុត្ថា បានបន្ដទៀតថា ទឹកនៅផ្នែកខាងលើស្ថិតក្នុងខេត្តកំពង់ស្ពឺ នៅនឹងនៅឡើយមិនឡើងទៀតនោះទេ ពោលនៅចំណុចទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងការគ្រប់គ្រងបានទាំងអស់។
បើទោះបីស្ថានភាពមិនទាន់ធ្ងន់ធ្ងរក្ដី តែក្រសួងធនធានទឹក និងឧតុនិយម នៅបន្ដតាមដានការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រសិនបើមានការប្រែប្រួលយ៉ាងណានោះ ក្រសួងនឹងជូនដំណឹងឲ្យប្រជាពលរដ្ឋដឹងភ្លាមៗតែម្ដង៕