(ស្វាយរៀង)៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរសរុប៦,៣៥៤នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន៨០នាក់។លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ (គិតចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣) ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានមកកម្សាន្តតាមរមណីយដ្ឋាន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣ ក្នុងខេត្តស្វាយរៀង មានចំនួនសរុប៦,៣៥៤នាក់ ស្រី៣,១៧២នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន៨០នាក់។

លោកបានបន្ថែមថា មន្ទីរទេសចរណ៍ខេត្តបានអនុវត្តសកម្មភាពការងារ បានចងបដាពាក្យស្លោកផ្សព្វផ្សាយទេសចរណ៍ និងគ្រឿងញៀនចំនួន៦កន្លែង និងបានចុះផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ សរណន ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣ និងបិតស្ទីកឃ័រផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តស្វាយរៀង សរុបចំនួន៤២កន្លែង និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា គឺបានល្អប្រសើរផងដែរ៕