(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានឲ្យដឹងតាមរយៈ Facebook របស់លោកថា លោកយល់ព្រមផ្តល់ការបំភ្លឺជូន តុលាការនៅថ្ងៃទី១៩ ខែសីហាខាងមុខនេះ ប៉ុន្តែត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអ៉ិនធើណេត (Internet) គឺតាម Teleconference។
លោក សម រង្ស៊ី បានសរសរនៅលើបណ្តាញសង្គមរបស់លោកយ៉ាងដូច្នេះថា «ខ្ញុំយល់ព្រមផ្តល់ឲ្យតុលាការ នូវហេតុផលទាំងឡាយ ដែលធ្វើឲ្យខ្ញុំជឿជាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងឃាតកម្មទាំងអស់ខាងលើនេះ។ ខ្ញុំយល់ព្រមទាក់ទង ជាមួយតុលាការ តាមរយៈប្រព័ន្ធអ៊ីនធើណេត (Internet) គឺតាម Teleconference ដូចអ្វីដែលតុលាការខ្មែរក្រហមបានទាក់ទង ថ្មីៗនេះជាមួយសាក្សីមួយចំនួន ដែលមិនស្ថិតនៅរាជធានីភ្នំពេញ»។
ពាក់ព័ន្ធការលើកឡើងរបស់លោក សម រង្ស៊ី ខាងលើនេះ អង្គភាព Fresh News នឹងសុំការបំភ្លឺពីខាងសាលាដំបូងរាជធានីភ្នំពេញ នៅពេលបន្តិចទៀតនេះ។
សូមជំរាបថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហាកន្លងទៅបានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីការពារបណ្តឹងដែលបានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ លោកមេធាវី គី តិច ត្រូវបានចាត់តាំង តំណាងសម្តេចតេជោ ហ៊ុន សែន ក្នុងការដាក់ពាក្យប្តឹង លោក សម រង្ស៊ី និង លោកស្រី ថាក់ ឡានី នាថ្មីៗនេះពាក់ព័ន្ធនឹងការ ចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមននោះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខមុនគេបង្អស់ ដោយចោទរដ្ឋអំណាចថា ជាអ្នករៀបចំឃាតកម្មលើ លោកបណ្ឌិត កែម ឡី ខណៈដែលសមត្ថកិច្ច កំពុងស៊ើបអង្កេតនៅឡើយ។ ចំណែក លោកស្រី ថាក់ ឡានី ក៏បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាជាអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី ដែរ។
ក្រោយពីមានការចោទប្រកាន់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាការលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុត លើរាជរដ្ឋាភិបាល ហើយហៅការចោទប្រកាន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីតែកេងចំណេញនយោបាយ តែប៉ុណ្ណោះ៕