(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះវត្តមានអង្គការដៃគូទាំងអស់ ដែលមានបំណងជួយលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារ ដើម្បីការអភិវឌ្ឍដោយចីរភាព។

ការប្រកាសបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជាមួយលោក គ្រីស្ទាន តេឡេគី (Kristian Teleki) នាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ ប្រចាំប្រទេសកម្ពុជា (FFI - Cambodia)។

ជាមួយគ្នានេះ លោក គ្រីស្ទាន តេឡេគី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីជំរុញការងារស្នូល ស្តីពីប្លាស្ទិកសមុទ្រ (Marine Plastic) កាបូនខៀវ (Blue Carbon) ពីស្មៅសមុទ្រ និងព្រៃកោងកាង ការគ្រប់គ្រងតំបន់ការពារដែលមានស្រាប់ និង ការអង្កេតប្រភេទដើមឈើ ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ការអនុវត្តគម្រោង REDD+ ការអនុវត្តគម្រោងអភិរក្សជីវចម្រុះឆ្លងដែននៅឧទ្យានជាតិវីរៈជ័យ នៃប្រទេសកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១ ក្រសួងបានដាក់ចេញនូវអាទិភាព៣ចម្បង ហើយនៅក្នុងអាទិភាពនិមួយៗ គឺផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជានៅតាមមូលដ្ឋាន។ លើសពីនេះ ចំពោះការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន និងមិនអនុញ្ញាតឱ្យមានការចរចារក្រៅប្រព័ន្ធច្បាប់ឡើយ។

គួររម្លឹកជូនថា ការងារអាទិភាពទាំង៣ គឺទី១៖ ផ្តោតលើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេប្រមាណ ១,៥លាននាក់, អាទិភាពទី២៖ ការស្តារ និងដាំដើមឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសព្រៃដោយអនុលោមទៅតាមគោលការណ៍គតិយុត្ត និងអាទិភាពទី៣៖ គឺនាំយកអាទិភាពទី១ និងទី២ ទៅចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល៕