(ភ្នំពេញ)៖ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានថ្លែងថា ទិសដៅអនុវត្តបន្តមានចំនួន ១៧ចំណុច ក្នុងនោះលោកនឹងបង្កើតកម្មវិធីជួយដល់មេធាវីវ័យក្មេង ដែលទើបចេញប្រកបវិជ្ជាជីវៈក្រោម ៣ឆ្នាំ លោកមេធាវី លី ច័ន្ទតុលា ថ្លែងបែបនេះក្នុងមហាសន្និបាតលើកទី២៩ របស់គណៈមេធាវីកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅឯ OCIC ។

ប្រធានគណៈមេធាវី បានលើកឡើងថា ដើម្បីបន្តនិរន្តរភាពនៃវឌ្ឍនភាពការងាររបស់គណៈមេធាវីឱ្យកាន់តែប្រសើរ និងដើម្បីលើកកម្ពស់ឧត្តមភាព
និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី គណៈមេធាវីបានកំណត់ទិសដៅអនុវត្តបន្តដូចតទៅ៖

* ១៖ បន្តអនុវត្តតាមបេសកកម្មរបស់គណៈមេធាវីដែលបានដាក់ចេញ ដើម្បីសម្រេចបានចក្ខុវិស័យ «រួមគា្នដើម្បី ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»
* ២៖ សិក្សា ស្រាវជ្រាវ និងពិភាក្សាលើការបង្កើតយន្តការផ្តល់សេវាសន្ធានការីក្នុងក្របខ័ណ្ឌគណៈមេធាវីដល់សាធារណជន ដើម្បីពង្រីកសេវាកម្មរបស់វិជ្ជាជីវៈមេធាវី។
* ៣៖ បន្តយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខុមាលភាពរបស់មេធាវីដែលមានវ័យចាស់។
* ៤៖ បង្កើតកម្មវិធីជួយដល់មេធាវីវ័យក្មេង ដែលទើបចេញប្រកបវិជ្ជាជីវៈក្រោម ៣ឆ្នាំ។
* ៥៖ បន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ។
* ៦៖ សហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តការងាររបស់មេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត។
* ៧៖ ដាក់ឱ្យអនុវត្តគម្រោង «មេធាវីដល់មូលដ្ឋាន» ដើម្បីផ្សព្វផ្សាយពីតួនាទីរបស់មេធាវី និងបញ្ជ្រាបចំណេះដឹង ផ្លូវច្បាប់ជូនមេភូមិ អាជ្ញាធរឃុំ សង្កាត់ អាជ្ញាធរក្រុង ស្រុក ខណ្ឌ។
* ៨៖ បន្តពិនិត្យនិងពិភាក្សាលើច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមបច្ចុប្បន្នភាពន សង្គមនិងផលប្រយោជន៍នៃវិជ្ជាជីវៈមេធាវី។
* ៩៖ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី និងសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវីឱ្យមានប្រសិទ្ធភាពខ្ពស់។
* ១០៖ បន្តពិនិត្យនិងការពារមេធាវីនៅក្នុងការប្រកបវិជ្ជាជីវៈស្របតាមច្បាប់ជាធរមាន។
* ១១៖ បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឺងម៉ាត់ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់ និងវិធានវិជ្ជាជីវៈមេធាវី និងសិក្សាឡើងវិញអំពីយន្តការដាក់ទណ្ឌកម្មវិន័យរបស់ក្រុមប្រឹក្សាគណៈមេធាវី។
* ១២៖ បន្តកិច្ចពិភាក្សា និងដោះស្រាយបញ្ហានៃការអនុវត្តសិទ្ធិរបស់មេធាវី នៅដំណាក់កាលនគរបាលយុត្តិធម៌។
* ១៣៖ បន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់។
* ១៤៖ បន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងការងារប្រតិភូគណៈមេធាវីនៅទូទាំងប្រទេស និងអនុវត្តគោល នយោបាយលេខ០៩៨/សសតម/២១ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ * ស្តីពីការពិគ្រោះយោបល់និងការពារក្តី ជូនជនក្រីក្រដោយឥតគិតកម្រៃ។
* ១៥៖ បន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងនិងការទទួលស្គាល់តួនាទីរបស់មេធាវីក្នុងសង្គម ទាំងលើឆាកជាតិ និងអន្តរជាតិ។
* ១៦៖ បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី តាមរយៈការបណ្ដុះបណ្តាលជាប្រចាំ សិក្ខាសាលា ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គម សេដ្ឋកិច្ច និងចរន្តនៃសាកលភាវូបនីយកម្ម។
* ១៧៖ បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីឱ្យបានកាន់តែប្រសើរឡើង៕