(ភ្នំពេញ)៖ លោកស្រី គួយ ណាលីន ភរិយាអភិបាលខេត្តសៀមរាប ដែលមានតួនាទីជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិ សុខ និងអភិវឌ្ឍ បាននាំយកគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ រួមនិងថវិកាមួយចំនួនផងដែរ ទៅចែកជូនចាស់ជរា និងជនរងគ្រោះដោយ សារគ្រោះធម្មជាតិប្រមាណ ៥០គ្រួសារ ក្នុងស្រុកសូទ្រនិគម។

គ្រឿងបរិភោគរួមនិងសម្ភារៈប្រើប្រាស់ ដែលយកទៅចែកជូនប្រជាពលរដ្ឋនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ រួមមានសារុង ១ ក្រមា១ ទឹកដោះគោ ១កំប៉ុង សាប៊ូលុច ១ដុំ ថ្នាំដុះធ្មេញ១បំពង់ ច្រាសដុះធ្មេញ១ នំ១ធុង សាប៊ូម្សៅ១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ប្រេងឆា ១ដប ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ ស្ករស ១កញ្ចប់ ប្រេងកូឡា ១ដប អង្ករ ២៥គ.ក្រ ភួយ១ និង ថវិកា ៤០,០០០រៀល។

លោកស្រី គួ ណាលីន បានចាត់ទុកគ្រឿងបរិភោក និងសម្ភារៈនេះ ជាចំនួនមួយតិចតួច តែវាជាផ្នែកមួយជួយកាត់បន្ថយនិងដោះស្រាយ ភាពខ្វះខាតរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះលោកស្រី បានផ្ដែផ្ដាំប្រជាពលរដ្ឋថា រដូវនេះជារដូវភ្លៀងធ្លាក់ ត្រូវនាំប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ក៏ដូចជាការពារកូនចៅជៀសវាងពីមូសខាំ ដែលអាចបង្កឲ្យកើតជំងឺគ្រុនឈាម៕