(បន្ទាយមានជ័យ)៖ លោក ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការតំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនវត្តចំនួន ៩ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ពិធីនេះបានធ្វើឡើងនៅក្នុងវត្តវេឡុវ័ន្ត ឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត មន្ត្រីសង្ឃ លោក បៀវ ថាន ប្រធានធម្មការខេត្ត អនុប្រធាន អាចារ្យ និងពុទ្ធបរិស័ទជាច្រើននាក់។

ក្នុងពិធីនោះលោក អ៊ុំ រាត្រី បានថ្លែងអំណគុណដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានចូលរួមសទ្ធាជ្រះថ្លា និងជួយស្រាយរាល់ការលំបាក ខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងគោរពស្រឡាញ់ជឿជាក់លើព្រះពុទ្ធសាសនា ព្រោះថាព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អ ប្រសើរក្នុងការរស់នៅ។

លោក ហង្ស ចាន់ព្រីដា បានឱ្យដឹងថាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរពីសុខទុក្ខ ភាពលំបាករបស់ប្រជាពលរដ្ឋរងគ្រោះយកទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗមិនដែលដាច់ឡើយ។ ក្នុងនាមក្រសួងធម្មការ និងសាសនា ពិតណាស់ចង់ឃើញនៅតាមបណ្តាវត្តអារាមនានា ឭតែសំឡេងព្រះធម៌ មានភាពស្ងប់ស្ងាត់ ដែលផ្តល់ភាពត្រជាក់ត្រជុំសម្រាប់ប្រជាពុទ្ធបរិស័ទជ្រកក្រោមម្លប់ព្រះធម៌ ស្របតាមរដ្ឋធម្មនុញ្ញថា ព្រះពុទ្ធសាសនាជាសានារបស់រដ្ឋ។

បច្ចុប្បន្នវិស័យព្រះពុទ្ធសសាសនាកំពុងល្បីល្បាញ និងភាពរីកចម្រើន អាចប្រព្រឹត្តទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព បើគ្មានសុខសន្តិភាពទេយើងក៏គ្មានឱកាសអភិវឌ្ឍប្រទេសបានរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។ សម្ភារៈអំណោយទាំងនេះបានបែងចែកនិងប្រគេនដល់វត្តចំនួន៩វត្តនេះ ជាវត្តដែលមានការខ្វះខាតអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀតផង។

គួរបញ្ជាក់ដែរថា វត្តដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ៩វត្ត ក្នុងនោះមាន៖ វត្តសាយសាម៉ន ក្នុងឃុំចំណោយ, វត្តបទុមបារមុីយារាមគោកសំរោង, វត្ត វេឡុវ័ន្ត ឬស្សីក្រោក ឃុំឬស្សីក្រោក, វត្តឃុំសឿ , វត្តកេតុរង្សីសុខរតនរាមចក ឃុំរហាត់ទឹក , វត្តត្រៃបទុមារាមសំបួរ , វត្តប៉ុណ្ណវីវឹកសរាម ស្រះឈូក, វត្តមាកោសលលោករាមតាសល់ចាស់ឃុំបល្ល័ង្គ, វត្តចេតនារាមបឹងខ្លាំងឃុំតាឡំ។ វត្តទាំង៩ ទទួលបានអង្ករ ១៤០ការុង មី ១៧៥កេស ចែកក្នុងមួយវត្តៗទទួលបានអង្ករ ១៥ការុង មី ១៩កេស និងថវិកា ២០មុឺនរៀល៕