(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក​ ងួន​ ស្រេង​ អគ្គនាយក នៃអគ្គនាយកដ្ឋាន​សវនកម្មផ្ទៃក្នុង​ ក្រសួងមហាផ្ទៃ​ បានថ្លែងណែនាំដល់សវនដ្ឋានទាំងអស់ថា រាល់អនុសាសន៍កែលម្អចំណុចខ្វះខាតជាក់ស្ដែង ដែលកើតមាន នៅសវនដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូននៅពេលចុះធ្វើសវនកម្ម សវនដ្ឋានត្រូវមានរបាយការណ៍ឆ្លើយតប និងលទ្ធផលសម្រចបានក្នុងរយៈពេល៦ខែ ឬយ៉ាងយូរបំផុត១២ខែ ជូនមកសវនកម្មផ្ទៃក្នុង។

ការថ្លែងណែនាំបែបនេះរបស់លោកអគ្គនាយកសវនកម្ម ធ្វើឡើងនៅក្នុងក្នុងពិធីបិទសវនកម្មផ្ទៃក្នុង​នៅរដ្ឋបាលខេត្តស្វាយរៀង​ សម្រាប់ឆ្នាំ២០២២​ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ពិធីនេះមានការចូលរួមពីលោក​សុខ​ រស់ អភិបាលរងខេត្តស្វាយរៀង​ តំណាងលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក សុខ​ រស់​ បានជំរុញមន្រ្តីជំនាញពាក់ព័ន្ធនៅរដ្ឋបាលខេត្ត រដ្ឋបាលស្រុកឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាពនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

លោកឧត្តមសេនីយ៍ ងួន ស្រេង បានថ្លែងថា តួនាទីភាតកិច្ច និងការចុះធ្វើសវនកម្ម គឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕