(កោះកុង)៖ លោក ប៉ែន​ ប៊ុនឈួន អភិបាលរងស្រុកមណ្ឌលសីមា ទទួលបន្ទុកផ្នែកដីធ្លី នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានអះអាងថា ថ្មីៗនេះអាជ្ញាធរស្រុក និងមន្ត្រីជំនាញបានចុះវាស់វែងដី ដែលទំនាស់រវាងលោក ឡាយ លិក មេភូមិកោះអណ្តែត និងលោក ជុំសារុំ មានទំហំ៤៧,២០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកអភិបាលរងស្រុក បានបន្តថា ដីដែលមានទំនាស់រវាងលោក ​ឡាយ លិក ជាមេភូមិកោះអណ្តែត និងលោក ជឹម សារុំ រដ្ឋបាលស្រុកមណ្ឌលសីមា បានប្រជុំដោះស្រាយវិវាទដីធ្លី ដោយបានអញ្ជើញអ្នកដែលពាក់ព័ន្ធទាំងអស់ មកស្រាយបំភ្លឺនៅសាលាស្រុកចំនួន២លើករួចមកហើយ និងមានខ្លឹមសារដូចមានជូនភ្ជាប់ក្នុងកំណត់ហេតុទៀតផង។ តែការសម្របសម្រួលរបស់រដ្ឋបាលស្រុក គឺភាគីវិវាទទាំង២ មិនអាចទទួលយកការសម្របសម្រួល ដោះស្រាយបញ្ចប់របស់អាជ្ញាធរស្រុកបានទេ និងសុំឲ្យរដ្ឋបាលស្រុក រៀបចំរបាយការណ៍ទៅរដ្ឋបាលខេត្ដ ដើម្បីជួយបន្ត។

លោក ប៉ែន ប៊ុនឈួន បានគូសបញ្ជាក់ថា យោងតាមលិខិតលោក ឡាយ លិក ពាក្យសុំស្នើកាន់កាប់ និងអះអាងរបស់លោក ឡាយ លិក ថា ជាដីរបស់គាត់មានទីតាំងនៅកន្លែងណាឲ្យពិតប្រាកដនោះទេ ព្រោះទីតាំងដីក្នុងពាក្យស្នើសុំខុសពីដីជាក់ស្តែង ហើយមិនមានភស្តុតាងអ្វីសម្រាប់សម្គាល់ ឫនៅអាស្រ័យផលកាន់កាប់នោះទេ។

លោកអះអាងថា ម្ចាស់ដីពិតប្រាដកគឺរបស់ឈ្មោះ ជិន សារុំ ព្រោះលោក ជឹម សារុំ មានឯកសារកាន់កាប់ដីធ្លីត្រឹមត្រូវពិតប្រាកដមែន ដោយលោក ជឹម សារុំ មានសាក្សីព្រំប្រទល់ ខាងជើងទល់ផ្លូវជិតដីលោក យន្ត មីន អតីតមេបញ្ជាការប្រត្តិការសឹករងកោះកុងទទួលស្គាល់ ខាងត្បូងជាប់ដី សុខ ឈីវ ខាងលិចជាប់ផ្លូវចាស់១៨ ខាងកើតទល់ព្រែក មានបង្គោលថ្មតាមព្រំជាក់ស្តែងដែលឈ្មោះ សា មឿន ជាអ្នកចាំចំការឲ្យ។

យោងតាមការស្រាវជ្រាវរបស់អាជ្ញាធរលោក ឡាយ លិក គឺមានអ្នកញុះញុងនៅពីក្រោយខ្នង និងបានក្លែងបន្លំឯកសារខុសច្បាប់ ដើម្បីទាញយកផលប្រយោជន៍ណាមួយ គ្រាដែលដីទំនាស់ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

លោក ប៉ែន ប៊ុនឈួយ សង្កត់ធ្ងន់ថា ឈ្មោះ ឡាយ លិក បានឲ្យស្ថាប័នសារព័ត៌មានមួយចំនួនផ្សព្វផ្សាយចោទប្រកាន់ថា ប្រធានតុលាការខេត្តកោះកុង បានឈូយឆាយទន្ទ្រានលើដីគាត់ ដែលកាន់កាប់ជាង៣០ឆ្នាំ ជារឿងប្រឌិតដើម្បីមូលបង្កាច់ថ្នាក់ដឹកនាំតុលាការ។ ដូច្នេះសូមសាធារណជន មេត្តាជម្រាបជាព័ត៌មាន និងកុំមានការភ័ន្តច្រឡំបន្តទៅទៀត៕