(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា បន្ទាប់ពីជនរូបនេះ បានវាយនារីរងគ្រោះដោយដៃ ហើមមុខហើមមាត់រងរបួសធ្ងន់ មើលលែងចង់ស្គាល់​ ដោយសារនារីរងគ្រោះ មានក្លិនខ្លួន លាយឡំជាមួយក្លិនលាមក។​

លោកអនុសេនីយ៍ឯក ប៉ិច ស៊ីផាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែល ត្រូវបានឃាត់ខ្លួន មានឈ្មោះ ថន ថៃ ភេទប្រុស អាយុ២៨ឆ្នាំ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ទិត្យ សំរួន ភេទស្រី អាយុ២៨ឆ្នាំ ដូចគ្នា អ្នកទាំងពីររស់ភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកនាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យ​ និងនារីរងគ្រោះជានិច្ចជាកាលរស់នៅជាមួយគ្នា​ ហើយជនសង្ស័យធ្លាប់មានប្រពន្ធ កូនមួយម្តងរួចមកហើយ​ ដោយឡែកនារីរងគ្រោះបានមកស្នាក់​ និងដេកនៅជាមួយគ្នាស្ទើររាល់យប់។

លោកនាយប៉ុស្តិ៍បានបន្តទៀតថា​ នៅយប់ថ្ងៃកើតហេតុ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានផឹកស្រាស្រវឹង​ ហើយបានមក ណែបនិតនារីរងគ្រោះដូចសព្វមួយដង តែដោយសារនារីរងគ្រោះក្លិនខ្លួនលាយឡំជាមួយក្លិនលាមក មិនបានសម្អាតខ្លួនផងនោះ ជនសង្ស័យបានវាយធ្វើ​បាបនារីគ្រោះដោយដៃ​ បណ្តាយឲ្យហើមមុខហើមមាត់រងរបួសធ្ងន់៕