(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់តំណាងនាំទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៩ និងអាស្រមចំនួន២ ដែលសុទ្ធជាវត្តនិងអាស្រមមានការខ្វះខាតអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេសវត្តដែលបើកសាលាពុទ្ធិកបឋមសិក្សាមួយចំនួនក្នុងខេត្តសៀមរាប។

ការប្រគេនទេយ្យទានទាំងនេះធ្វើឡើងតាមរយៈលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងរបស់លោករដ្ឋមន្ត្រី ចាយ បូរិន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខណៈពិធីប្រគេនគឺរៀបចំឡើងនៅវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប។

លោកស្រី ទូច សារ៉ុម បានលើកឡើងថា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនាបានកំពុងតែល្បីរន្ទឺនៅក្នុងពិភពលោក ហើយបណ្តាប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍក៏មានភាពជឿជាក់ថា ព្រះពុទ្ឋសាសនាធ្វើឲ្យប្រទេសរីកម្រើនជឿនលឿន ជាពិសេសនៅកម្ពុជាតែម្តង។ ភាពល្បីល្បាញ និងភាពរីកចម្រើនរបស់ព្រះពុទ្ធសាសនាអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ ក៏គ្មានឱកាសអភិវឌ្ឍប្រទេសបានរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។

គួរជម្រាបថា ទេយ្យទានខាងលើនោះរួមមាន៖ អង្ករចំនួន១៤០ការុង ស្មើនឹង៣,៥០០គីឡូក្រាម និងមី១៧៥កេស ពោលគឺប្រគេនទៅតាមចំនួនព្រះសង្ឃជាក់ស្តែងនៅតាមវត្តនិងអាស្រមនីមួយៗ។ វត្តចំនួន៧ និងអាស្រមចំនួន២នេះដែរ សុទ្ធជាវត្តមានការខ្វះខាតអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេសវត្តដែលបើកសាលាពុទ្ធិកបឋមសិក្សាមួយចំនួនក្នុងខេត្តសៀមរាប៕