(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់អំពីការលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា និងជំរុញឱ្យចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលាទាំងអស់ត្រូវយកចិត្តទុកដាក់ផ្តល់ សេវាយុត្តិធម៌ឱ្យឆាប់រហ័សនិងត្រឹមត្រូវ លើកកម្ពស់យុត្តិធម៌និងការអនុវត្តច្បាប់ ដើម្បីពង្រឹងនិងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌ឱ្យរឹតតែល្អប្រសើរឡើង។

ការណែនាំសង្កត់ធ្ងន់នេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងលោក ជឺ សុខ ជាប្រធានតុលាការខេត្តកណ្ដាល ជំនួសលោក ហុក វ៉ាន់ធីណា ដែលត្រូវផ្លាស់ទៅជាប្រធានតុលាការខេត្តសៀមរាបវិញ ក្រោយកាន់តំណែង នៅខត្តកណ្ដាលជាង ៩ឆ្នាំកន្លងមក។ ពិធីនេះធ្វើឡើងនាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានស្នើឱ្យប្រធានតុលាការថ្មីទាំង២រូប បង្កើនការយកចិត្តទុកដាក់លើកកម្ពស់ពង្រឹងគុណភាពយុត្តិធម៌ ដោយផ្តល់សេវាយុត្តិធម៌ឱ្យឆាប់រហ័សនិងត្រឹមត្រូវ លើកកម្ពស់យុត្តិធម៌ និងការអនុវត្តច្បាប់ និងការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតី ពិសេសដោះស្រាយការកកស្ទះសំណុំរឿងជារឿងចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌ឲ្យរឹតតែល្អប្រសើរឡើង។

លោកបានបន្ថែមថា ការផ្លាស់ប្តូរ ផ្ទេរភារកិច្ចរបស់ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា និងជាគោលការណ៍ការងារក្នុងអាជីពជាចៅក្រម ព្រះរាជអាជ្ញា សំដៅធ្វើឱ្យកាន់តែប្រសើរឡើងក្នុងស្ថាប័នតុលាការ និងអង្គការអយ្យការ ដើម្បីការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពឥតលម្អៀង ហើយអ្វីដែលសំខាន់ ចៅក្រម ឬព្រះរាជអាជ្ញាត្រូវប្រកាន់យកនូវអនាគតិធម៌ ត្រូវវៀរចាកឱ្យបាននូវអគតិធម៌ទាំង៤៖ ឆន្ទាគតិ ទោសាគតិ ភ័យាគតិ និងមោហាគតិឱ្យបានដាច់ខាត។
លោកឧបនាយកររដ្ឋមន្តីបានបញ្ជាក់ថា សម្រាប់នីតិកាលទី៧នេះ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅតែជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ហើយការកែទម្រង់នេះគឺជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង៥ របស់យុទ្ធសាស្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះការលើកកម្ពស់ និងពង្រឹងយុត្តិធម៌ គឺជាអាទិភាពសំខាន់១ ដែលក្នុងនោះក្រសួងយុត្តិធម៌បានរៀបចំផែនការ សម្រេចនូវផែនការអាទិភាពសំខាន់ៗចំនួន៣ រួមមាន៖

*ទី១៖ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
*ទី២៖ ការជំរុញ និងការពន្លឿនសំណុំរឿងក្តីនៅតាមតុលាការ
*ទី៣៖ ត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព សុច្ចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានផ្តាំផ្ញើដល់លោក ជឺ សុខ ប្រធានតុលាការខេត្តកណ្តាល និងលោក ហុក វ៉ាន់ធីណា ប្រធានតុលាការខេត្តសៀមរាប ត្រូវមានសាមគ្គីឯកភាពគ្នាជាមួយមន្ត្រីអនុវត្តច្បាប់ ដើម្បីសម្រេចឱ្យបាននូវកំណែ ទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលាទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ យកចិត្តទុកដាក់បន្ថែមក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពនូវ សំណុំរឿងនានា ជាពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សម្អាតប្រាក់ ជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ហើយបើជនល្មើសជាជនបរទេសត្រូវអនុវត្តនូវទោសបន្ថែម បណ្តេញចេញពីកម្ពុជាក្រោយបញ្ចប់ការអនុវត្តទោស ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមជាតិ។
ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីអភិក្រមទាំង៥ របស់សម្ដេចតេជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីផងដែរ ហើយថាប្រសិនបើត្រីមួយកន្ត្រក មានត្រីណាមួយស្អុយហើយនោះ ក្នុងនាមជាអ្នកយួរកន្ត្រកមិនបណ្ដោយឱ្យស្អុយ រាលដាលទេ គឺចាំបាច់ត្រូវចាប់ត្រីស្អុយមួយក្បាលនោះគ្រវាត់ចោលមិនខានឡើយ ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ឲ្យមានប្រសិទ្ធភាព៕