(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងរៀបចំធ្វើការពង្រីកផ្លូវសង្ខាង ជាមួយនឹងការជីកដីដាក់លូអ៊ុយ លូមូល នៅចំណុចគីឡូម៉ែត្រលេខ៦៨ តាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ សូមប្រជាពលរដ្ឋដែលបានសាងសង់សំណង់រំលោភដីចំណីផ្លូវ នៅចំណុចនេះសូមរុះរើចេញជាបន្ទាន់។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះថា ដោយស្ថានភាពបន្ទាន់នៅភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ត្រង់ចំណុចគីឡូម៉ែត្រលេខ ៦៨ ផ្លូវមានការពិបាកធ្វើដំណើរខ្លាំង ដោយភ្លៀងធ្លាក់ជោគជាំ នឹងមិនមានប្រព័ន្ធរំដោះទឹកគ្រប់គ្រាន់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងអាជ្ញាធរស្រុករវៀង នឹងរៀបចំជីកដីដាក់លូ អ៊ុយ លូមូល ដើម្បីរំដោះទឹក ជាមួយនឹងការពង្រីកផ្លុូវដោយក្រាលកៅស៊ូ DBST ប្រវែង៥៥០ម៉ែត្រ ពង្រីកទទឹង ៥ម៉ែត្រសង្ខាង ដោយចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះដែរលោក សំ លាងទ្រី បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន និងទីតាំងអាជីវកម្ម ស្ថិតតាមបណ្តោយការដ្ឋានខាងលើនេះ សូមចូលរួមសហការរុះរើសំណង់ផ្សេងៗ ដែលបានសាងសង់រំលោភដីចំណីផ្លូវឱ្យបានរួសរាន់ មុនពេលថ្ងៃចាប់ផ្តើមបើកការដ្ឋាន។ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ សូមកុំបំពានយកដីចំណីផ្លូវធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន កុំចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកជំនិញលើសទម្ងន់កំណត់៕