(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់អំពីរឿងដកតំណែងរបស់ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ។ សម្តេចថា ការដកតំណែងនេះ ដោយសារតែប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ បានដកហូតយករថយន្តរបស់ ABC ដោយពុំមានការចូលរួមពីសមត្ថកិច្ច ឬព្រះរាជអាជ្ញា ហើយថាការដកហូតរថយន្តនេះ ប្រធានមន្ទីរសុខាភិបាលក៏បានពុំបានរាយការណ៍ជូនថ្នាក់លើឱ្យបានជ្រាបនោះដែរ។

ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការដកតំណែងនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលបោះបង់ ប្រធានមន្ទីរសុខាភិបាល រូបនេះចោលនោះទេ ហើយថា រាជរដ្ឋាភិបាលនឹងតែងតាំងគាត់ក្នុងមុខតំណែងសមស្របណាមួយ នាពេលខាងមុខ ទាំងនៅក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិវិញ។

នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា «ក្នុងកំណត់ហេតុ ឃាត់រថយន្ត លោកប្រធានមន្ទីរបានប្រើប្រាស់តួនាទីជាលេខាធិការដ្ឋាន លប់បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ ហើយប្រត្តិបត្តិការដោយ កម្លាំងមន្ទីរសុខាភិបាលទាំងអស់ ដោយគ្មានការចូលរួមពីនគរបាលឬអាវុធហត្ថ ឬស្ថាប័នអយ្យការនោះទេ បន្ថែមលើនោះ គឺគ្មានរបាយការណ៍មកថ្នាក់លើ ឬស្ថាបន័អយ្យការពាក់ពន្ធ័បន្ទាប់ពីការឃាត់រថយន្តនោះដែរ។ ការដកតួនាទីលោកប្រធានមន្ទីរមិនមានន័យថា យើងបោះបង់ គាត់ចោលនោះទេ យើងអាចតែងតាំង គាត់ក្នុងមុខតំណែងសមស្របណាមួយនាពេលខាងមុខ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះហើយជាការលំបាករបស់ខ្ញុំ សង្ឃឹមថាបងប្អូនជនរួមជាតិនឹងយល់»

សូមបញ្ជាក់ថា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោក សុខ សុគន្ធ ក្រោយពីប្រធានមន្ទីរសុខាភិបាលរូបនេះ បានដកហូតរថយន្ត សង្រ្គោះបន្ទាន់របស់វិទ្យុ ABC ដែលប្រើប្រាស់សម្រាប់ ដឹកជញ្ជូនជនរងគ្រោះផង និងដឹកផលិតផលរបស់ ABC ផង ខណៈដែលវិស័យ សុខភិបាលការរិះគន់ពីកម្សោយ ឬយឺតយ៉ាវក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook:

បងប្អូនជនរួមជាតិជាទីស្រឡាញ់!

ដល់ពេលដែលខ្ញុំចេញមកពន្យល់អំពីបញ្ហាទាក់ទងដល់ការដកតួនាទីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញហើយ បន្ទាប់ពីមាន អត្ថាធិប្បាយមួយចំនួនរហូតលើកឡើងថាការធ្វើបែបនេះនិងធ្វើឱយមន្ត្រីថ្នាក់ក្រោមលេងហ៊ានអនុវត្តន៍ច្បាប់។ មុននឹងនិយាយដល់ ខ្លឹមសារគួរសួរថាហេតុអ្វីបានជាខ្ញុំមិនធ្វើអន្តរាគមន៍តាំងពីថ្ងៃដំបូង? ខ្ញុំត្រូវការយល់លើបញ្ហានេះឱយបានច្បាស់សិន និងម៉្យាងទៀត ខ្ញុំយល់ថារឿងតូចតាចបែបនេះមិនគួរខ្ញុំទៅដោះស្រាយទេថ្នាក់ក្រោមដោះស្រាយបានហើយព្រោះវិទ្យុABCនិងបញ្តាញសង្គមFacebook បានផ្សព្វផ្សាយទូលំទូលាយរួចទៅហើយ។

ចាំបាត់ៗហើយក៏គ្មានការបកស្រាយណាមួយពីភាគីអ្នកចាប់ថាមកពីមូលហេតុអ្វីបានចាប់ឡាននេះធ្វើឱ្យបងប្អូនដែលនិយមស្តាប់វិទ្យុ ABC កាន់តែងឿងឆ្ងល់ហើយបន្តអំពាវនាវ មកនាយករដ្ឋមន្ត្រីឱយជួយ។ (បាតដៃក៏សាច់ ខ្នងដៃក៏សាច់) នេះជាចំណុចដែលត្រូវគិតម្ខាង ជាស្ថាបន័រដ្ឋ និងម្ខាងទៀតជាស្ថាបន័ផ្សព្វផ្សាយ ដែលបានរួមចំណែកច្រើនដល់ការផ្តល់ពត៏មានទាន់ហេតុការណ៍និងទៀងត្រង់ព្រមទាំង បានជួយដល់ជនក្រីក្រ ដែលក្នុងនោះឡានដែលត្រូវចាប់នេះ ជាមធ្យោបាយដ៏សំខាន់ ជួយអ្នកក្រីក្រ។ចំណុចខ្វះខាតរបស់រថយន្តនេះ គឺពុំទាន់មានផ្លាកលេខ ដែលខ្ញុំប្រាប់លោក ឃួន ស្រេង រៀបចំផ្លាកលេខជូន និងផ្តល់ថែមរថយន្តសង្គ្រោះ២គ្រឿងទៀតជូនវិទ្យុ ABC ។

មានការលើកឡើងថារថយន្តនេះមានដឹកទំនិញខ្ញុំក៏ប្រាប់ឱយទិញរថយន្តមួយគ្រឿងទៀតជូនវិទ្យុនេះ។នេះជាដោះស្រាយជូនវិទ្យុABCទាំងផ្លូវច្បាប់ និងមធ្យោបាយបន្ថែមដើម្បីបន្តជួយដល់អ្នកក្រីក្រដោយមិនយកកម្រៃ។ ចុះហេតុអ្វីបានជាត្រូវដកដំណែងប្រធានមន្ទីរ សុខាភិបាល? ការអនុវត្តន៍ច្បាប់មិនខុសទេតែមានកំហុសខាងនីតិវិធី។ ប្រធានមន្ទីរសុខាភិបាលពិតជាមន្ត្រីនរគបាលយុត្តិធម៌ ប៉ុន្តែប្រសិនគាត់អនុវត្តក្នុងតួនាទីនេះ ទាក់ទងនឹងបទល្មើស គឺចាំបាច់ត្រូវរាយការណ៍សុំការដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញា ស្របតាមនីតិវិធីជាធរមាន។

ប៉ុន្តែក្នុងកំណត់ហេតុឃាត់រថយន្តលោកប្រធានមន្ទីរបានប្រើប្រាស់ តួនាទីជាលេខាធិការដ្ឋានលប់បំបាត់ឱសថក្លែងក្លាយនិងសេវា សុខាភិបាលឯកជនខុសច្បាប់ ហើយប្រត្តិបត្តិការដោយកម្លាំងមន្ទីរសុខាភិបាលទាំងអស់ ដោយគ្មានការចូលរួមពីនគរបាលឬអាវុធហត្ថ ឬស្ថាប័នអយ្យការនោះទេ បន្ថែមលើនោះគឺគ្មានរបាយការណ៍ មកថ្នាក់លើ ឬស្ថាបន័អយ្យការពាក់ពន្ធ័បន្ទាប់ពីការឃាត់រថយន្ត នោះដែរ។ ការដកតួនាទីលោកប្រធានមន្ទីរមិនមានន័យថា យើងបោះបង់គាត់ចោលនោះទេ យើងអាចតែងតាំងគាត់ក្នុងមុខតំណែង សមស្របណាមួយនាពេលខាងមុខទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះហើយជាការលំបាករបស់ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិ នឹងយល់៕