(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីការចុះឈ្មោះបោះឆ្នោតឃុំ សង្កាត់ នៅរដ្ឋសភា ការបញ្ជាក់តាមឋានានុក្រម និងបញ្ជូនមក គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក មាន សទិ សមាជិក គ.ជ.ប ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា, តំណាងក្រសួង ស្ថាប័ន, តំណាង គណបក្សនយោបាយ និងសមាគម អង្គការមិនមែនរដ្ឋាភិបាល, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ។

នាឱកាសនោះដែរ លោក មាន សទិ បានឱ្យដឹងថា ការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ និងនៅរដ្ឋសភា ត្រូវចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ហើយបញ្ចប់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមប្រតិទិនការងាររបស់ គ.ជ.ប ដោយគ្មានការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់នោះទេ តែនៅពេលបញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងទីប្រជុំជនមួយចំនួនក្នុងរាជធានី ខេត្ត សម្រាប់ប្ដឹងតវ៉ា ឬប្ដឹងជំទាស់ដែលត្រូវអនុវត្តចាប់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ថ្នាក់ គ.ជ.ប ហើយត្រូវបញ្ចប់នៅក្រុមប្រឹក្សាធម្មនុញ្ញ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានថ្លែងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មណ្ឌលបោះឆ្នោតត្រូវបានរៀបចំ និងបែងចែកជា ៨ភូមិភាគ ដែលមានអាសនៈសរុបចំនួន៥៨ (បន្ថែម សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន)។

ជាមួយគ្នានេះដែរ លោកបានបន្តថា បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានរៀបចំនៅតាមរាជធានី-ខេត្តនីមួយៗរួមមានក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រនៃរាជធានី-ខេត្តនីមួយៗ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលនីមួយៗនៃមណ្ឌលទាំង៨ នៅទូទាំងប្រទេស។

លោក មាន សទិ បានបន្ថែមថា ការចុះឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជីឈ្មោះដោយឡែកពីគ្នា ទៅតាមអង្គបោះឆ្នោតនីមួយៗ និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។

ទន្ទឹមនឹងនេះដែរ លោកបានឱ្យដឹងថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវរៀបចំបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងរួចអគ្គលេខាធិការរដ្ឋសភាចុះហត្ថលេខា និងបោះត្រាអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលមានការបញ្ជាក់ឯកភាពពីប្រធានរដ្ឋសភា រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ បញ្ជីឈ្មោះនេះ ត្រូវរៀបចំដោយឡែកពីគ្នាទៅតាមតំណាងរាស្ត្រក្នុងតំណែងនៃមណ្ឌលរាជធានី ខេត្តនីមួយៗ។

ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងរួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ចុះហត្ថលេខា រួចបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូន បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមក គ.ជ.ប គឺ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៃឃុំ សង្កាត់នោះ រួចចុះហត្ថលេខា បោះត្រារដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន៕