(សៀមរាប)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ហើយអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាកម្លាំងទាញសេដ្ឋកិច្ចមួយដ៏ធំ សម្រាប់នៅកម្ពុជា និងក្នុងតំបន់ នាពេលអនាគត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ លោកបានឱ្យដឹងដឹងថា សមិទ្ធផលថ្មីនេះ គឺជាកាតាលីករមួយសំខាន់ណាស់ ក្នុងការជំរុញឱ្យចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្លាយជាកាពិត ក្នុងការប្រែក្លាយខេត្តសៀបរាម ដែលធ្លាប់ជាតំបន់មានជម្លោះមកជាតំបន់អភិវឌ្ឍន៍ និងរុងរឿង នាថ្ងៃខាងមុខ។
លោកបន្តថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាកម្លាំងទាញសេដ្ឋកិច្ចមួយធំណាស់ ដោយមិនត្រឹមតែលើកស្ទួយវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែអាចនឹងផ្តល់អត្ថប្រយោជន៍ សម្រាប់វិស័យកសិកម្ម វិស័យបច្ចេកវិទ្យា និងវិស័យផ្សេងទៀត ជាពិសេសក៏អាចជាកន្លែងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដ៏សំខាន់ផងដែរ ព្រោះទំនិញឧស្សាហកម្មមួយចំនួន ក៏បានដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ។
លោកឡើងទៀតថា «មិនមែនតែកម្ពុជាទេ គឺជាប៉ូលសេដ្ឋកិច្ចនៅក្នុងតំបន់ទៅថ្ងៃក្រោយ នេះគឺសក្តានុពលដែលខ្ញុំមើលឃើញ»។
លោកបន្ថែមថា ការបើកដំណើរការអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ស្របជាមួយគោលនយោបាយបើកចំហរជើងមេឃ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលកន្លងមក ដោយមិនគ្រប់គ្រង ឬការកំហិតនៃការហោះហើរ សម្រាប់អ្នកណាឡើយ ពោលគឺអ្នកណាក៏ដោយដែលចង់ធ្វើដំណើរមកកម្ពុជា គឺត្រូវអនុញ្ញាតបានទាំងអស់។ ការបើកចំហរនេះ ទាក់ទាញយ៉ាងខ្លាំងសម្រាប់វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម។
លោកបន្តថា «ទ្វារច្រើនទ្វារធំ នាំចូលមកក៏ច្រើនដែរ តែកាលណាយើងដាក់ទ្វារតូចពេក វាអត់ចូល ដោយសារអី ដោយសារប្រទេសយើងនៅក្រីក្រជាងគេ មានភាពទាក់ទាញតិចជាងគេ បើយើងរិតត្បិតក្នុងការហោះហើរ វាមិនអាចទាក់ទាញបានទេ ដូច្នេះមកដល់ថ្ងៃនេះ យើងឃើញថាគោលនយោបាយបើកជើងមេឃចំហរនេះ គឺជាយុទ្ធសាស្រ្តមួយដ៏ត្រឹមត្រូវមួយ។ យើងបន្តធ្វើថែមទៀតដើម្បីទាក់ទាញទាំងទេសចរណ៍ ទាំងវិនិយោគិន ទាំងពាណិជ្ជកម្មអន្តរជាតិ»។
លោកលើកឡើងបន្តថា កន្លងមករាល់រាល់អ្នកដំណើរអន្តរជាតិ ភ្ញៀវទេសចរ ដែលធ្វើដំណើរមកកម្ពុជា ភាគច្រើនបន្តមកពីប្រទេសជិតខាង ដោយសារព្រលានយន្តហោះចាស់ មានសមត្ថភាពអាចទទួលបានការចុះចតយន្តហោះប្រភេទតូចៗប៉ុណ្ណោះ ប៉ុន្តែព្រលានយន្តហោះថ្មីនេះ មានទំហំធំ អាចទទួលការហោះហើរផ្ទាល់មកពីតំបន់ឆ្ងាយៗ ដែលនេះគឺជាការទាក់ទាញមួយធំ សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។
បើតាមការលើកឡើងរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្ដង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៊ី (4E) ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និងសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ ដោយមានសមត្ថភាព ទទួលអាកាសយានចំនួន ៣៨ ចំណត ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខ ព្រមទាំងអាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង២៦,០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ។
តាមការព្យាករណ៍ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងគ្រោងទទួលជើងហោះហើរ បានចំនួន ៦៥,០០០ជើងក្នុងឆ្នាំ២០២៤ និង១១២,០០០ ជើងក្នុងឆ្នាំ២០៤០៕