(ភ្នំពេញ)៖ គិតត្រឹមម៉ោង១២៖១៥នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់បុរសម្នាក់ នៅក្បែរផ្សាររាត្រី ខណ្ឌដូនពេញ នាយប់មិញដែលជាប្អូន ជីដូនមួយរបស់ ខៀវ សុខារ៉ាវី ប៉ុន្តែជនសង្ស័យទាំងនេះ បាននិងកំពុងសួរនាំយ៉ាងយកចិត្តទុកដាក់ ពីមន្រ្តីជំនាញរបស់អាវុធហត្ថ ដើម្បីលាតត្រដាងពីឃាតកពិតប្រាកដ។
សម្រាប់ជនសង្ស័យទាំង៣នាក់នេះ មាន២នាក់ ជាសាច់ញាត្តិរបស់អតីតតារាសម្តែង ខៀវ សុខារ៉ាវី (ម្ចាស់ហាងមីនីម៉ាត) ពីព្រោះក្រោយកើតហេតុភ្លាមៗ រូបគេនៅទីនោះ ដូច្នេះកម្លាំងអាវុធហត្ថក៏ធ្វើការឃាត់ខ្លួនតែម្តងជាមួយជនសង្ស័យម្នាក់ទៀត។
បើទោះបីម្តាយ ខៀវ សុខារ៉ាវី អះអាងថា កូនប្រុសរបស់គាត់មិនមែនជាឃាតកបាញ់សម្លាប់ជនរងគ្រោះក៏ដោយនោះក៏កម្លាំងអាវុធហត្ថ ឃាត់ខ្លួនសិន ដើម្បីយកទៅសួរនាំតាមរយ:កាមេរ៉ាសុវត្ថិភាព និងភស្តុតាងមួយចំនួនទៀត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះឃាតកម្មនេះបានកើតឡើងនៅម៉ោង ប្រមាណ៩៖១៥នាទី យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅហាងមីនីម៉ាត ផ្ទះលេខ165Eo ផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ក្បែរផ្សារាត្រី។
តាមដំណើររឿងមុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៨យប់ ជនរងគ្រោះ ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ កំពុងអង្គុយផឹកស្រាបៀរតែម្នាក់ឯងនៅមុខម៉ាត លុះដល់វេលាម៉ោង ៨៖៣០នាទី ទៅម៉ោង៩ ស្រាប់តែមានជនមិនស្គាល់មុខ ពី៤ទៅ៥នាក់ បានសម្រុកចូល ទៅក្នុងម៉ាត ដោយមានអាវុធគ្រប់ដៃ និងអាយកូមគ្រប់ដៃ។ ភ្លាមៗនោះ ជនបង្កបានរុញជនរងគ្រោះចូលទៅក្នុងម៉ាត រួចបាញ់២គ្រាប់ទៅលើជនរងគ្រោះ និងបាញ់មួយគ្រាប់ទៀតចំជញ្ជាំង បណ្តាលឲ្យ ជនរងគ្រោះរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា មុនយកសពទៅតម្កល់ ទុកនៅវត្តចាស់ ខណ្ឌជ្រោយចង្វារ។
ក្រោយបាញ់សម្លាប់ជនរងគ្រោះហើយ ជនល្មើសមិនបានទៅណាទេ ថែមទាំងនៅជជែកជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ទៀតផង ដូច្នេះកម្លាំងអាវុធហត្ថ ក៏បានឃាត់ខ្លួន ឈ្មោះ ខៀវ ថនវណ្ឌឌី ប្អូនប្រុសបង្កើត ខៀវ សុខារ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ សឺន ច័ន្ទណារិណ អាយុ២៣ឆ្នាំ បុគ្គលនៅក្នុងម៉ាត ព្រមទាំងជនម្នាក់ទៀត។
យ៉ាងណាក៏ដោយនៅយប់មិញ ម្តាយ ខៀវ សុខារ៉ាវី បាននិយាយប្រាប់អង្គភាព Fresh News នៅក្រោយកើតហេតុឲ្យដឹងថា កូនរបស់គាត់មិនមែន ជាអ្នកបាញ់សម្លាប់នោះទេ, មានអ្នកផ្សេងជាអ្នកចូលមកបាញ់សម្លាប់ដូចលក្ខណៈប្លន់, ហើយអ្នកស្លាប់ គឺជាក្មួយបង្កើតរបស់គាត់។
ម្តាយ ខៀវ សុខារ៉ាវី បានបញ្ជាក់យ៉ាងដូច្នេះថា «កូនរបស់ខ្ញុំមិនមែនជាបាញ់ទេ មានមនុស្សផ្សេងចូលមកបាញ់ ដូចក្នុងលក្ខណៈប្លន់, បើមិនជឿខ្ញុំមានកាមេរ៉ាមើល»៕