(តួកគី)៖ បើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការិយាល័យអគ្គព្រះរាជអាជ្ញា រដ្ឋធានី Istanbul ប្រទេសតួកគី បានផ្ញើរលិខិតមួយច្បាប់ ទៅកាន់ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក ស្នើឲ្យមានការចាប់ និងឃុំខ្លួន បុព្វជិតឥស្លាមសាសនា Fethullah Gulen ដែលបានរងការចោទប្រកាន់ពីរដ្ឋាភិបាលតួកគី ពីបទជាមេខ្លោងនៅពីក្រោយខ្នង ការធ្វើរដ្ឋប្រហារបរាជ័យ កាលពីពាក់កណ្តាលខែមុន។
ក្រសួងយុត្តិធម៌តួកគី បានអនុម័តលើលិខិតនេះ ដែលបញ្ជាក់ថា បុព្វជិត Gulen គឺជាមេខ្លោងនៃការធ្វើរដ្ឋប្រហារបរាជ័យ ហើយបានចោទប្រកាន់លោក ១០ករណីផ្សេងទៀត ក្នុងនោះរួមទាំងបទការប៉ន់ប៉ងផ្តួលរំលំរដ្ឋាភិបាលផងដែរ៕