(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានប្រើវិធានការក្តៅបញ្ជាកម្លាំងសមត្ថកិច្ចឃ្លាត់ខ្លួនមនុស្ស១២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឈូសឆាយ និងដុតបំផ្លាញផ្ទះប្រជាពលរដ្ឋនៅភូមិសាស្ត្រភូមិស្រង់យង់ជើង ឃុំស្រយង់ និងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ទន្ទឹមនឹងការឃាត់ខ្លួនមនុស្សហើយនោះ កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូពីរគ្រឿង, ម៉ាស៊ីនត្រង់សឺន័រពីរគ្រឿង, រថយន្តពីរគ្រឿង និងត្រាក់ទ័រមួយគ្រឿង។
ការប្រើវិធានការក្តៅរបស់លោក គីម រិទ្ធី បានកើតមានឡើង បន្ទាប់ពីស្ត្រីឈ្មោះ ទួន ចន្ទ្រា បាននាំបក្ខពួករបស់ខ្លួន ចុះធ្វើសកម្មភាពឈូសបំផ្លាញ ផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៩គ្រួសារ ស្ថិតនៅភូមិសាស្ត្រដូចរៀបរាប់ខាងលើ។
បើតាលោកអភិបាលខេត្តព្រះវិហារ ប្រាប់ Fresh News នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា ការធ្វើសកម្មភាពនេះ ដោយស្រ្តីឈ្មោះ ទួន ចន្ទ្រា អះអាងថា ដីខាងលើជាកម្មសិទ្ធិរបស់ខ្លួន។ ប៉ុន្តែការធ្វើសកម្មភាពខាងលើមិនអំណាចដីការណាមួយសម្រាប់ការអនុវត្តន៍នោះឡើយ។
ដោយយោងតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន លោក គីម រិទ្ធី បានឱ្យដឹងថា ដីខាងលើប្រជាពលរដ្ឋទាំង៩គ្រួសារ បានមករស់នៅ និងបង្កបង្កើនផលអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ជាមួយគ្នាដំណាំឈើហូបផ្លែ បានដុះលូតលាស់ធំៗ អាចហូបផ្លែបានទៅហើយ។ នេះជាភស្តុតាងថា ប្រជាពលរដ្ឋទាំង៩គ្រួសារ បានកាន់កាប់ដីនេះយូរឆ្នាំមកហើយ។
លោក គីម រិទ្ធី បានគូសបញ្ជាក់ថា ឫស្សគល់នៃបញ្ហាបែបណាជារឿងមួយ តែការប្រើអំពើហិង្សាឈូសឆាយផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដោយគ្មានការដឹងឮពីតុលាការ និងអាជ្ញាធរខេត្ត គឺជាទង្វើខុសច្បាប់ ដែលមិនអាចទទួលបាននោះឡើយ។
បច្ចុប្បន្ននេះ ស្ត្រីឈ្មោះ ទួន ចន្ទ្រា នឹងបក្ខបួក ត្រូវបានលោក គីម រិទ្ធី បញ្ជាឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវរកការពិតលើរឿងនេះជាក្រោយ។ លោក គីម រិទ្ធី បានអះអាងថា លោកនឹងស្រាវជ្រាវរកការពិតក្នុងរឿងនេះ ដោយលោកមិន អនុញ្ញាតឱ្យមានការបំពានច្បាប់ និងបង្កការឈឺចាប់ណាមួយដល់ប្រជាពលរដ្ឋស្លូតត្រង់នោះឡើយ។
វិធានការក្តៅរបស់លោក គីម រិទ្ធី លើសំណុំរឿងខាងលើនេះ ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុជាខ្លាំង។ ក្នុងនោះប្រជាពលរដ្ឋទាំង៩គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណាត់របស់លោកអភិបាលខេត្ត។ ពួកគេចាត់ទុកចំណាត់ការនេះ បង្ហាញឱ្យឃើញពីទឹកចិត្តរបស់អភិបាលខេត្ត ក្នុងការគិតគូរ និងការពារប្រយោជន៍របស់ប្រជាពលរដ្ឋពីការរំលោភបំពានរបស់ជនខិលខូច៕