(Top-10)៖ ថ្មីៗនេះទស្សនាវដ្ដី Campaign Asia-Pacific បានចុះផ្សាយនូវស្លាកសញ្ញាទាំង ១០០ ដែលល្បីល្បាញជាងគេបំផុត នៅអាស៊ី ន្តែនៅពេលនេះ Fresh News សូមលើកយកតែស្លាកសញ្ញា ១០ ដែលជាប់នៅចំណាត់ថ្នាក់កំពូលៗតែប៉ុណ្ណោះដើម្បីយកមកបង្ហាញជូន ប្រិយមិត្តអ្នកអាន។
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដីខាងលើបានឲ្យដឹងថា ស្ថាប័នវិភាគទិន្នន័យ Nielsen ជាអ្នកវាយតម្លៃ ដោយផ្អែកលើមូលដ្ឋាន នៃការចំណាយលុយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននីមួយៗ រួមទាំងទិន្នន័យដែលបានមកពីការស្ទង់មតិ។
០១) ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung
កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនមួយនេះ បានស្ថិតនៅលេខរៀងទី៥ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៦នេះ បានធ្លាក់មកនៅលេខរៀងកំពូល វិញម្ដង។ តាមរយៈការស្ទង់មតិ Samsung ជាក្រុមហ៊ុនមួយដែលត្រូវបានគេទទួលស្គាល់ច្រើននៅតំបន់អាស៊ី តាមរយៈទូរស័ព្ទដៃ ខណៈដែល Samsung បានចំណាយលុយ ១.០៨ពាន់លានដុល្លារអាមេរិក សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
០២) ក្រុមហ៊ុនយក្សអាមេរិក Apple
ជាគូប្រជែងធំបំផុតរបស់ Samsung ហើយក៏ជាដៃគូសហការគ្នាដ៏ជិតស្និទ្ធផងដែរ។ បច្ចុប្បន្ន Apple និង Samsung ប្រកួតប្រជែងគ្នា ទៅលើទីផ្សារស្មាតហ្វូន ប៉ុន្តែបច្ចុប្បន្ន Samsung គឺជាក្រុមហ៊ុនផ្គត់ផ្គង់ធំមួយរបស់ Apple ដែលមានដូចជាអេក្រង់ទូរស័ព្ទ, មេម៉ូរី ជាដើម។ ការស្ទង់មតិបានបញ្ហាឲ្យដឹងថា Apple ត្រូវបានគេស្គាល់ច្បាស់ និងខ្លាំងបំផុតតាមរយៈ iPhone ហើយនៅឆ្នាំនេះផងដែរ Apple បានចំណាយលុយ ៦៦៦.៤៤លានដុល្លារអាមេរិក ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
០៣) ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Sony
បើទោះបីជាទូរស័ព្ទដៃរបស់ក្រុមហ៊ុន Sony មិនសូវជាមានប្រជាប្រិយភាពខ្លាំងក្ដី ប៉ុន្តែសម្រាប់ក្រុមហ៊ុនជប៉ុនមួយនេះ ត្រូវបានគេស្គាល់ ស្លាកសញ្ញាយ៉ាងច្បាស់ តាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេង មានដូចជាទូរទស្សន៍ ទូរទឹកកក ឆ្នាំដាំបាយ និងឧបករណ៍ជា ច្រើនទៀត។ ទោះជាយ៉ាងណាក្ដី ក៏ក្រុមហ៊ុន Sony នៅតែចំណាយលុយដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ដោយនៅឆ្នាំនេះ បានចំណាយ ៣៩៦.៣២លានដុល្លារ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
០៤) ក្រុមហ៊ុនម្អូបអាហារ និងភេជ្ជៈរបស់ប្រទេសស្វីស Nestle
យោងតាមការស្ទង់មតិបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនស្វីសមួយនេះ ត្រូវបានគេស្គាល់នៅតំបន់អាស៊ីតាមរយៈម្សៅទឹកដោះគោ ខណៈដែលផលិតផលរបស់ Nestle ជាច្រើនទៀតបាននិងកំពុងចរាចរនៅលើទីផ្សារជាច្រើនក្នុងតំបន់អាស៊ីក្ដី។ សម្រាប់ការចំណាយ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មវិញ ក្រុមហ៊ុនមួយនេះ បានចំណាយអស់ ៨៧៨.៤១លានដុល្លារអាមេរិក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
០៥) ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Panasonic
ស្លាកសញ្ញារបស់ក្រុមហ៊ុនជប៉ុនមួយនេះ ទទួលបានភាពល្បីល្បាញតាមរយៈឧបករណ៍មួយចំនួនដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ជាច្រើនដើម។ វាមិនមែនជាស្លាកសញ្ញាក្រុមហ៊ុន ដែលទើបនឹងល្បីនៅអាស៊ីនោះទេ ដូច្នេះហើយទើបការចំណាយទៅលើការ ផ្សព្វផ្សាយពាណិជ្ជកម្មមានចំនួនតិច។ នៅក្នុងឆ្នាំនេះ Panasonic បានចំណាយត្រឹមតែ ៣២៣.៤៩លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងការ ផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
០៦) ក្រុមហ៊ុនផលិតសម្ភារកីឡារបស់អាមេរិក Nike
មិនក្រោម ១៥ឆ្នាំនោះទេ ដែលស្លាកសញ្ញាក្រុមហ៊ុន Nike ត្រូវបានមនុស្សទូទៅនៅក្នុងតំបន់អាស៊ីបានស្គាល់។ ស្លាកសញ្ញា Nike ត្រូវបានគេស្គាល់ភាគច្រើននៅលើមួក, ស្បែកជើង និងខោអាវកីឡា ជាពិសេសគឺឧបករណ៍កីឡាផ្សេងជាច្រើនទៀត។ យោងតាម ការស្ទង់មតិ Nike ត្រូវបានមនុស្សជាង ៨០ភាគរយនៃមនុស្សដែលត្រូវបានស្ទង់មតិស្គាល់។ សម្រាប់ឆ្នាំនេះផងដែរ Nike បានចំណាយ លុយ ៤០.៨៣លានដុល្លារអាមេរិក ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
០៧) ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង LG
ក្រៅពីម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរទឹកកក, LG នៅត្រូវបានគេស្គាល់តាមរយៈទូរស័ព្ទដៃ ដោយកាលពីប្រមាណជាង ១០ឆ្នាំមុន ស្លាកសញ្ញា LG មានភាពល្បីល្បាញយ៉ាងខ្លាំង ប៉ុន្តែមកដល់ពេលនេះ ហាក់ដូចជាធ្លាក់កូដបន្តិច។ ដើម្បីរក្សាប្រជាប្រិយភាពនោះ LG បានចំណាយលុយ ៣២៣.០៣លានដុល្លារអាមេរិក ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
០៨) ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Canon
ស្ទើរតែពេញតំបន់អាស៊ីទាំងមូល ក្រុមហ៊ុន Canon ត្រូវបានគេស្គាល់ និងល្បីល្បាញតាមរយៈកាមេរ៉ាថតរូប ហើយមកដល់បច្ចុប្បន្ន ស្លាកសញ្ញា Canon ដែលរក្សាបានភាពល្បីល្បាញរាល់ថ្ងៃនេះ ក៏ដោយសារតែកាមេរ៉ាផងដែរ។ សម្រាប់ឆ្នាំនេះផងដែរ ក្រុមហ៊ុន Canon បានចំណាយលុយ ១៦០.០៣លានដុល្លារអាមេរិក ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
០៩) ក្រុមហ៊ុន Fashion ដ៏ល្បីរបស់បារាំង Chanel
ស្លាកសញ្ញាអក្សរ C ត្រួតបញ្ជ្រាសគ្នា ត្រូវបានមនុស្សភាគច្រើនស្គាល់តាមរយៈសម្លៀកបំពាក់ និងកាបូបលុយ។ យោងតាមការ ស្ទង់មតិបានបញ្ជាក់ឲ្យដឹងថា មនុស្សភាគច្រើនមិនសូវចាំឈ្មោះពេញរបស់ក្រុមហ៊ុននេះទេ ប៉ុន្តែនៅពេលឃើញអក្សរ C ត្រួតបញ្ជ្រាស គ្នានោះពួកនឹកឃើញដល់ភ្លាមថា វាជាស្លាកសញ្ញាសម្លៀកបំពាក់ និងជាម៉ាកដ៏ល្បីទៀតផង។ សម្រាប់ឆ្នាំនេះផងដែរ Chanel បានចំណាយ ១៥៩.៨៩លានដុល្លារអាមេរិក ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
១០) ក្រុមហ៊ុនផលិតសម្ភារកីឡាអាល្លឺម៉ង់ Adidas
ជាគូប្រជែងរបស់ក្រុមហ៊ុន Nike ប៉ុន្តែស្លាកសញ្ញា Adidas។ នៅឆ្នាំនេះ ស្លាកសញ្ញា Adidas បានធ្លាក់ពីលេខ ៦ មកដល់នៅលេខ ១០។ ដើម្បីស្ដាប្រជាប្រិយភាពឲ្យកើនឡើងវិញ Adidas បានចំណាយលុយ ២០១.៦១លានដុល្លារអាមេរិក ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក៕