(ប៉េកាំង)៖ ក្នុងឱកាសអញ្ជើញមកចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣  នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។

លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក វ៉ាង យី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសចិន កាលពីខែកក្កដា ឆ្នាំនេះ ហើយភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងបានពិភាក្សាពីតម្រូវការដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោកផងដែរ។

នៅល្ងាចថ្ងៃដដែល អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Long Jisheng ប្រធានក្រុមហ៊ុន Shanghai SUS Environment Co., Ltd., ដែលជាក្រុមហ៊ុនឈានមុខក្នុងការកែច្នៃកាកសំណល់ទៅជាថាមពល។

លោកអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ថា ពេលនេះនៅក្នុងតំបន់អាស៊ានទាំងមូល មានកាកសំណល់ច្រើនណាស់ ដូច្នេះ ប្រសិនបើមានការវិនិយោគនាំយកបច្ចេកវិទ្យាកែច្នៃកាកសំណល់ទៅជាថាមពល គឺជាការល្អប្រសើរណាស់ ហើយលោកក៏បានលើកទឹកចិត្តឱ្យលោកប្រធានក្រុមហ៊ុន ពិចារណាបោះទុនវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលមានប្រជាជនជិត ៧០០ លាននាក់៕