(ប៉េកាំង, ចិន)៖ រយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា បានជាន់ដីចិន ដែលជាមហាអំណាចតំបន់ និងពិភពលោករហូតដល់ទៅពីរដង។
ដំណើរទៅកាន់ប្រទេសចិនទាំងពីរលើកនេះ ក្រៅតែពីការស្វះស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រទេស និងប្រទេសហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អាទិភាពខ្ពស់លើការស្វះស្វែងរកការវិនិយោគពីវិស័យឯកជនរបស់ចិន មកកាន់កម្ពុជាផងដែរ។
ដំណើរទៅចិនលើកទីពីរនេះ គ្រាន់តែអញ្ជើញជាន់ដីចិនភ្លាម មិនបានទាំងដូរសម្លៀកបំពាក់ផង សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតយក្សរបស់ចិន និងថ្នាក់ដឹកនាំធនាគារចិន។ ថ្នាក់ដឹកនាំក្រុមហ៊ុន របស់ចិន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបរួមមាន៖ លោក ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Genertec International, លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. និងភ្ញៀវមួយទៀត គឺលោក កឺ ហាវជែវ (Ge HaiJiao) ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប។
ក្នុងជំនួបខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីច្បាប់ស្តីពីការវិនិយោគ និងក្របខណ្ឌនយោបាយនៃកិច្ចគាំពារអ្នកវិនិយោគបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងលក្ខខណ្ឌអំណោយផលផ្សេងៗទៀត សម្រាប់ការវិនិយោគនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន និងធនាគារចិន សម្លឹករកឱកាសវិនិយោគ និងពង្រីកការវិនិយោគរបស់ពួកគេនៅកម្ពុជាបន្ថែមទៀត។
ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិន ក៏ដូចជាថ្នាក់ដឹកនាំធនាគារចិន សុទ្ធតែបានបង្ហាញទំនុកចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងពីការប្តេជ្ញាចិត្តពង្រីកការវិនិយោគនៅកម្ពុជាផងដែរ។
ខាងក្រោមជាអត្ថបទពាក់ព័ន្ធនៃជំនួបខាងលើនេះ៖
១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុន CNEE របស់ចិន http://fna.asia/56ba25e
២៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រធានក្រុមហ៊ុនរបស់ចិន ប្រកាសដាក់ទុន ៦០០លានដុល្លារ សាងសង់ស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ http://fna.asia/d825422
៣៖ ប្រធានធនាគារចិន ជឿជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជា កាន់តែរីកចម្រើន និងរឹងមាំ http://fna.asia/75734dd