(ប៉េកាំង, ចិន)៖ ថ្នាក់ដឹកនាំធនាគាររបស់ចិន បានបង្ហាញការជឿជាក់ថា សម្តេច​មហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជា​កាន់​តែ​រីក​ចម្រើន និងរឹងមាំ ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ច​ឌីជីថល​នេះ។ ថ្នាក់ដឹកនាំធនា​គារ​​ចិន ក៏បានប្រកាសពង្រីកបន្ថែមនូវកិច្ចសហ​ប្រតិបត្តិការទាំងឡាយលើវិស័យធនាគារ និងហិរញ្ញវត្ថុជាមួយកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ វាងសម្តេច​ធិប​តី ហ៊ុន ម៉ាណែត និងលោក កឺ ហាយជែវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ «ធនាគារចិនគ្រុប /BOC Group» នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនោះលោក កឺ ហាយជែវ បានថែ្លងអំណរគុណសម្តេច​ធិបតី ដែលបានអនុញ្ញាត​ឱ្យ​រូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រម​ទាំងបានជម្រាបជូនអំពីការជួយ​ជ្រោម​ជ្រែងរបស់ធនាគារចិនគ្រុប ក្នុងសកម្មភាព​វិនិយោគ​របស់​ចិននៅកម្ពុជា។

លោក កឺ ហាយជែវ ក៏បានជម្រាបសម្តេចធិបតី អំពីគម្រោងនៃដំណើរទស្សនកិច្ចរបស់​លោក​​​​មកកាន់ប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលបំណងជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ តាម​រយៈ​ការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗ និងបទពិសោធន៍ដ៏សម្បូរបែប​របស់​ធនាគារចិន​។

ប្រធានធនាគារចិន បានថ្លែងកោតសសើរចំពោះការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យរបស់​ប្រទេសកម្ពុជា ជាពិសេស នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រោមការដឹក​នាំ​របស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក។ លោកក៏បានបង្ហាញ​ក្តីសង្ឃឹម​ជឿ​ជាក់ថា ក្រោមការ​ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹង​កាន់​តែរីក​ចម្រើន​ជឿនលឿន និងរឹងមាំថែមទៀត ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ច​ឌីជីថល​នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់​នាំ​របស់ធនាគារចិន។ សម្តេចធិបតី បានបង្ហាញសុទិដ្ឋិនិយមចំពោះរបាយការណ៍​អំពីប្រតិ​បត្តិ​ការ​អាជីវកម្ម ព្រមជាមួយការអបអរសាទរចំពោះជោគជ័យរបស់​ធនាគារចិន​នៅក្នុងប្រទេស​ចិន, ទីក្រុងហុងកុង និងបណ្តាប្រទេសនានាលើសកលលោក រួមទាំងនៅក្នុងប្រទេសកម្ពុជា ផងដែរ។

យោងទៅលើសមិទ្ធផលរីកចម្រើន ដែលទទួលបានពី​ប្រតិ​បត្តិការ​អាជីវកម្មក្នុងរយៈពេល​ជាង ១០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា, សម្តេចធិបតី បានធ្វើការ​វាយតម្លៃខ្ពស់ចំពោះ​ការ​ចូល​រួមយ៉ាងសំខាន់របស់ធនាគារចិន ក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការជំរុញ​ពាណិជ្ជកម្មកម្ពុជា-ចិន ដូចដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង​គួរឱ្យកត់សម្គាល់​នូវ​ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់​នៃទំនាក់ទំនងដ៏សកម្មរវាង​ប្រជា​ជន និងប្រជាជន នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលពិតជាបានចូលរួមចំណែកមិនអាចខ្វះបាន​ដល់កំណើននៃវិស័យទេសចរណ៍។ ជាងនេះទៀត សម្តេចធិបតី ក៏បានសម្តែងការ​ពេញ​ចិត្ត​ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធហិរញវត្ថុនៃប្រទេសទាំងពីរ ដែលបានសម្រួលដល់​ការទូទាត់សងប្រាក់ឆ្លងដែនរវាងប្រាក់រៀល និងប្រាក់យ័ន ដែលចូលរួមចំណែកដល់​ការ​លើក​កម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក, ការសម្រួលដល់ភ្ញៀវទេសចរ និងការធ្វើ​ពាណិជ្ជ​កម្មឆ្លងដែនជាដើម។ល៕