(ភ្នំពេញ)៖ កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ក្នុងខេត្តសៀមរាប ដែលនឹងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងអ្នកជំនាញមកពីជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងកម្រឹតដ៏ខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តនៃកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះ នឹងប្រារព្ធធ្វើនៅសណ្ឋាគារបុរីអង្គរ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ហិរញ្ញប្បទានអាកាសធាតុ តួនាទីរបស់ថាម ពលកកើតឡើងវិញ សហគ្រិនភាពក្នុងវិស័យថាមពល ដំណោះស្រាយផ្អែកលើធម្មជាតិ សន្តិសុខទឹក នវានុវត្តន៍ក្នុងវិស័យកសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ដោយលើកឡើងនូវ ចំនុច សំខាន់ៗមកបង្ហាញ ព្រមទាំងមានសុន្ទរកថាមកពីតំណាងស្ថានទូតអូស្ត្រាលី ស្ថានទូត អាមេរិក និងស្ថាប័ន ផ្សេងៗទៀតផងដែរ។

អូស្រ្តាលីជាដៃគូផ្លូវការគាំទ្រកម្មវិធីកិច្ចប្រជុំឆ្នាំនេះ តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់ខ្លួន គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ក្រៅពីនេះ កម្មវិធីនេះ ក៏ទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក (USAID) ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO), អង្គការអុកស្វាម (Oxfam) និង Kosher Climate ព្រមទាំងមានអ្នកឧបត្ថម្ភជាច្រើនទៀតដែលគ្រោងនឹងប្រកាសនាពេលខាងមុខ។

លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោ មនស្សរីករាយជាខ្លាំងដែលអូស្ត្រាលីជាដៃគូផ្លូវការនៃកិច្ចប្រជុំស្តីពី បម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣នេះ។

ប្រទេសអូស្ត្រាលីប្តេជ្ញាធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងភាពធន់របស់ខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ កសាងវិស័យ ថាមពលស្អាត និងជួយកម្ពុជាសម្រេចបានគោលដៅអព្យាក្រឹតភាពការបូនត្រឹមឆ្នាំ ២០៥០»។

លោក ចាស្ទីន វ៉ាយអេត បានបន្ថែមទៀតថា «កម្មវិធី CAPRED នឹងរៀបចំកិច្ចពិភាក្សាស្តីពី កសិកម្មឆ្លាតវៃខាងអាកាសធាតុ វិថីឆ្ពោះទៅកាន់វិស័យផ្គត់ផ្គង់ទឹកស្អាតប្រកបដោយភាពធន់ នឹងបម្រែបម្រួលអាកាសធាតុ និងហិរញ្ញប្បទានអាកាស ធាតុប្រកបដោយបរិយាបន្ន»

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិក មាន កិត្តិយសណាស់ដែលបានគាំទ្រ កិច្ចប្រជុំស្តីពី បម្រែបម្រួលអាកាសធាតុកម្ពុជា ជាថ្មីម្តងទៀតក្នុងឆ្នាំនេះ ដោយមានកិច្ចសហ ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធផ្សេងទៀត»។

លោក W. Patrick Murphy បានបន្ថែមទៀតថា «ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូវិស័យសាធារណៈ និងឯកជន អាចធ្វើការរួមគ្នា ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាន នៃបម្រែបម្រួលអាកាសធាតុ និងឈានដល់ អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ កិច្ចប្រជុំនេះ ជាឱកាសដ៏ល្អក្នុងការចែករំលែកព័ត៌មាន និងការ កសាងភាពជាដៃគូក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដែលបាននឹងកំពុងធ្វើការលើបម្រែបម្រួលអាកាសធាតុនៅទីនេះ ក្នុងប្រទេសកម្ពុជា ក្នុងតំបន់និងលើសកលលោក»

ពិព័រណ៍ ស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលត្រូវបានឧបត្ថម្ភដោយ SDC នឹងបង្ហាញពី គំនិតផ្តួចផ្តើម និង ផលិតផលផ្តោតសំខាន់លើបម្រែបម្រួលអាកាសធាតុ។

លោក Markus Bürli នាយក SDC បានលើកឡើងថា «យើងត្រូវធ្វើឱ្យប្រាកដថា រាល់បច្ចេកវិទ្យា និងសេវាកម្មដែលមានស្រាប់ជាច្រើន ដែលធ្វើឡើងក្នុង ន័យ ជួយកាត់បន្ថយ និងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ គឺត្រូវបានយកមកអនុវត្ត។ ពិព័រណ៍ដំណោះស្រាយប្រកបដោយនិរន្តរភាព នឹងបង្ហាញនូវបច្ចេកវិទ្យា និងសេវាកម្ម ទាំងនោះ ព្រមទាំងរបៀបដែលពួកវាត្រូវបានយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា»

កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់តាំង ពី ឆ្នាំ២០២១មក។ កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនៅឆ្នាំ២០២២ គឺជាសន្និសីទដំបូងគេបំផុត ក្នុងប្រទេសកម្ពុជា ដែលមានអព្យាក្រឹតភាពកាបូន ហើយកិច្ចប្រជុំដែលនឹងរៀបចំឡើងនៅឆ្នាំ២០២៣ គឺជាកម្មវិធីដំបូងគេដែលទទួលបានអព្យាក្រឹតភាពកាបូនតាមរយៈការទូទាត់ឥណទានការបូន ។

កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ នឹងបើកអោយចូលរួមដោយសេរី ហើយសូមអរគុណដល់ការគាំទ្ររបស់អ្នកឧបត្ថម្ភរបស់យើង។ អ្នកចូលរូមត្រូវបានលើក ទឹកចិត្តឱ្យចុះឈ្មោះ ឱ្យបានកាន់តែឆាប់ តាមរយៈ cccs23.org ដើម្បីទទួល បានកន្លែងដើម្បីចូលរួម។ អ្នកដែលមានបំណងចង់ចូលរួមកម្មវិធី ចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុនសិន ហើយ ដោយសារតែកន្លែងមានកំណត់ ពួកគេនឹងត្រូវបានទាក់ទងត្រឡប់មកវិញថាតើពួកគេអាចចូលរួមបានដែរឬទេ។

សាធារជនត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅក្នុងការចូលរួមទស្សនាការតាំងពិព័រណ៍ដំណោះស្រាយប្រកបដោយនិរន្តរភាពដែល នឹងចាប់ផ្តើមពីម៉ោង៩ព្រឹក ដល់ម៉ោង៣៖៣០ រសៀល នៅថ្ងៃទី២ និង ទី៣ ខែវិច្ឆិកា នៅក្នុងកន្លែងទទួល ភ្ញៀវនៃសណ្ឋាគារបុរីអង្គរ។ ការចូលរួមក្នុងការតាំងពិព័រណ៍នេះ គឺមិនតម្រូវឱ្យមានការចុះឈ្មោះនោះទេ៕