(ភ្នំពេញ)៖ ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សមាកជិកថេរសភាព្រះពុទ្ធសាសនា ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ ហៅសំរោងណ្ដែត ដែលបានចូលរួមវិភាគទានចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លាររអាមេរិក) ដើម្បីកសាងអគារសិក្សា និងសាលប្រជុំថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

អគារថ្មីមានបណ្តោយ ២៣.៥៥ ម៉ែត្រ ទទឹង ១៧.៥ ម៉ែត្រ កម្ពស់៤ជាន់ សម្រាប់គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យបានបំពេញការងារ និងសមណនិស្សិត និស្សិតបានសិក្សារៀនសូត្រ សំដៅបន្តជួយការអភិវឌ្ឍធនធានមនុស្សជាឧត្តមប្រយោជន៍ ដល់សង្គមជាតិឱ្យកាន់តែមានភាពរីកចម្រើនជានិរន្តរ៍។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្ដមសិក្សាពុទ្ធសាសនាដំបូង និងឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានទីតាំងទល់មុខព្រះបរមរាជវាំង និងសាលសន្និសីទចតុមុខ លេខ ៣៩៣ តិរវិថី ព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ព័ត៌មានលម្អិត៖
Facebook Page: Sīhanoukrāja Buddhist University
Link: https://www.facebook.com/SBU.officail
ព័ត៌មានសម្រាប់ទំនាក់ទំនង៖ ០១២ ៤៨ ៧៦ ៩៨ / ០៩២ ៩៤ ៧៧ ២២