(ភ្នំពេញ)៖ ពេញ ១ឆ្នាំនេះ គណៈមេធាវីកម្ពុជា បានការពារក្តីជូនជនក្រីក្រ ចំនួនដល់ទៅ ៨៧៥៧នាក់។ នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានបង្ហាញក្នុងមហាសន្និបាតលើកទី២៨ របស់គណៈមេធាវីកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅឯ OCIC ។

របាយការណ៍ដែលអានដោយលោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី បានឲ្យដឹងថា ការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ ដោយផ្តោតជាសំខាន់លើសកម្មភាពចំនួន ២គឺ ការការពារក្តីជូនជនក្រីក្រ និងការប្រឹក្សាយោបល់ផ្នែកច្បាប់។

លោកមេធាវី លីវ សុវណ្ណា បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ គណៈមេធាវីមានមេធាវីស្ម័គ្រចិត្តចំនួន ៦៩៦នាក់ ជួយការពារក្តីជូនជនក្រីក្រទូទាំងប្រទេសក្នុងគម្រោងថវិកាផ្តល់ដោយរាជរដ្ឋាភិបាល។ ក្នុងរយៈពេល ១ឆ្នាំនេះ គណៈមេធាវីបានចាត់តាំងមេធាវី ឲ្យមេធាវីការពារក្តីជូនជនក្រីក្រ បានចំនួន ៥៤៧០ករណី មានកូនក្តីសរុបចំនួន ៨៧៥៧នាក់ (ស្ត្រី ៤៩៨នាក់) ក្នុងនោះមានរឿងក្តីអនីតិជន ចំនួន ១៧២១ករណី និងមានកូនក្តីជាអនីតិជន ចំនួន ២៦៩០នាក់»

លោកបន្តថា ក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានផ្តល់ថវិកាសម្រាប់ចំណាយលើគម្រោងការពារក្តីជូនជនក្រីក្រជូនគណៈមេធាវីចំនួន ២៦០០លានរៀល ដែលថវិកានេះអាចមានលទ្ធភាពទូទាត់បានចំនួន ៦១៥៦សំណុំរឿង និងប្រឹក្សាយោបល់ផ្នែកច្បាប់ចំនួន ៤៥៦ករណី។ ជាមួយគ្នានេះ ក្នុងរយៈពេល ១ឆ្នាំនេះ នាយកដ្ឋានការពារក្តីជូនជនក្រីក្រ បានផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ ដោយឥតគិតកម្រៃក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល បានចំនួន ៤៥៦ករណី។

លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី​ បានថ្លែងថា ទន្ទឹមនឹងសមិទ្ធផលដ៏ល្អប្រសើរ ដែលគណៈមេធាវីសម្រេចបានក្នុង ១ឆ្នាំនេះ គណៈមេធាវី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន រួមមាន៖

១៖ សិទ្ធិមួយចំនួនរបស់មេធាវីត្រូវបានបំពាន ហើយកិច្ចការមួយចំនួនរបស់មេធាវីត្រូវបានធ្វើតាមរយៈអន្តរការី នៅតាមស្ថាប័នមួយចំនួនដូចជា នៅតុលាការ ក្រសួង មន្ទីរ និងស្ថាប័នជំនាញមួយចំនួន។

២៖ ទោះបីជាមានការផ្លាស់ប្តូរជាវិជ្ជមានខ្លះក៏ដោយ ក៏ប៉ុន្តែការទទួលស្គាល់សិទ្ធិមេធាវី នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ក្នុងករណីនៃការស៉ើបអង្កេតបឋមលើបទល្មើសមិនជាក់ស្តែង នៅតែជាបញ្ហាប្រឈមដដែល។

៣៖ ការអនុវត្តកាតព្វកិច្ចបង់ភាគទានរបស់សមាជិក សមាជិកា គណៈមេធាវីមួយចំនួនមិនទាន់ពេលវេលា ហើយមួយចំនួនទៀត មិនព្រមបំពេញកាតព្វកិច្ចបង់ភាគទាន ដែលបង្ហាញឲ្យឃើញនូវការមិនយកចិត្តទុកដាក់ និងមិនជ្រោមជ្រែងដល់វិជ្ជាជីវៈរបស់ខ្លួន កង្វះខាតការចូលរួមពីសហភាតា ដូចជាការបញ្ចេញមតិយោបល់ លើប្រធានបទដែលគណៈមេធាវីស្នើឲ្យសហភាតាទាំងអស់ រួមចំណែកជួយ ដើម្បីជាប្រយោជន៍រួមនៃវិជ្ជាជីវៈមេធាវី៕