(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា មានមនុស្សជិត ៦ម៉ឺននាក់ បានជិះរថយន្តក្រុងដឹកអ្នកដំណើរ ទាំង ៤៥៥គ្រឿង ដែលបញ្ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ដឹកជញ្ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋរយៈពេល ០៥ថ្ងៃ ដោយមិនបង់ប្រាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ អ្នកនាំពាក្យរូបនេះ បានបន្តថា ខេត្តសៀមរាប មានអ្នកជិះច្រើនជាងគេ គឺចំនួន ១៥០០នាក់ ខេត្តបាត់ដំបង ៨០០០នាក់ និងខេត្តបន្ទាយមានជ័យ ជិត ១ម៉ឺននាក់។ រថយន្តទាំងអស់នោះ បានរត់ប្រមាណ ១៥០០ជើង។

សូមជម្រាបថា អនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយដឹកជញ្ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋរយៈពេល ០៥ថ្ងៃ មិនបង់ប្រាក់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕