(សៀមរាប)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាទាក់ទាញដ៏ធំមួយសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ​ ព្រោះអាចទទួល​ការហោះហើរផ្ទាល់មកពីតំបន់ឆ្ងាយៗ និងយន្ដហោះប្រភេទធំៗ ដែលចំណេញទាំងពេលវេលា និងថវិកា។

លោកបន្តថា កន្លងមក​រាល់អ្នកដំណើរអន្តរជាតិ ភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា ភាគច្រើនបន្តមកពីប្រទេសជិតខាង ដោយសារព្រលានយន្តហោះចាស់ មានសមត្ថភាពអាចទទួលបានការចុះចតយន្តហោះប្រភេទតូចៗប៉ុណ្ណោះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក វង្ស៊ី វិស្សុត ​បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រលានយន្តហោះថ្មីនេះ មានច្រកកាន់តែធំ អាចទទួល​ការហោះហើរផ្ទាល់មកពីតំបន់ឆ្ងាយៗ ដែលនេះគឺជាការទាក់ទាញមួយធំ​ សម្រាប់ភ្ញៀវទេសចរ [...] អ្នកវិនិយោគ គេចង់មកវិនិយោគនៅកម្ពុជា គេត្រូវមកប្រទេសជិតខាង ឬក៏ទីណាសិន គឺមិនងាយទេ គឺគេចង់មកផ្ទាល់តែម្ដង»

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាជាកម្លាំងទាញសេដ្ឋកិច្ចដ៏ធំមួយ ដោយមិនត្រឹមតែលើកស្ទួយវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែអាចនឹងផ្តល់អត្ថប្រយោជន៍ សម្រាប់វិស័យកសិកម្ម វិស័យបច្ចេកវិទ្យា និងវិស័យផ្សេងទៀត ជាពិសេសក៏អាចជាកន្លែងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដ៏សំខាន់ផងដែរ ព្រោះទំនិញឧស្សាហកម្មមួយចំនួន ក៏បានដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ។ អាកាសយាន្តដ្ឋានអន្តរជាតិនេះ ជាសមិទ្ធផលជាប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ហើយនឹងក្លាយជាកម្លាំងទាញសេដ្ឋកិច្ចមួយដ៏ធំសម្រាប់នៅកម្ពុជា និងក្នុងតំបន់នាពេលអនាគត។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៉ីវិល បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាង នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការទាក់ទាញជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស ជាពិសេសជើងហោះហើរពីប្រទេសចិន ហើយអាចវិលត្រលប់មកប្រក្រតីភាព នាពេលឆាប់ៗខាងមុខនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ក៏នឹងចូលរួមចំណែកផងដែរ ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា រយៈពេលវែងប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់អាស៊ាន និងពិភពលោក។

សូមជម្រាបថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរ តាមផ្លូវអាកាសបាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕