(ប៉េកាំង, ចិន)៖ ក្រុមហ៊ុន China Datang Corporation Ltd. ដែលជាក្រុមហ៊ុនផលិត​ថាមពលអគ្គិសនីដ៏ធំរបស់ចិន ប្រកាសបោះទុនបន្ថែមប្រមាណ ៦០០លានដុល្លារសហរដ្ឋ​អាមេរិក បង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់។ ការ​ប្រកាសបែបនេះ ដោយសារតែក្រុមហ៊ុននេះ ជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងមានបំណងចូលរួមចំណែកគាំទ្រការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ​របស់​រាជ​រដ្ឋា​ភិបាលកម្ពុជាឱ្យទទួលបានជោគជ័យ។

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ គ្រាន់តែហោះដល់ប្រទេសចិនភ្លាម សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបក្រុមហ៊ុនធំៗរបស់ចិន​ចំនួ​ន​ពីររួមមានក្រុមហ៊ុន China Datang Corporation Ltd. និងក្រុមហ៊ុន Genertec International Holding Co., Ltd. ដើម្បីស្វះស្វែងរកការកិច្ចសហប្រតិបត្តិការផ្នែក​វិនិ​យោគ​។

លោក ចូវ ឡី (Zou Lei) ប្រធានក្រុម​ប្រឹក្សា​​ភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានថែ្លងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលា​​ដ៏មមា​ញឹក​​អនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម។

លោក ចូវ ឡី បានថ្លែង​អំណរ​គុណរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេច​តេ​ជោ ហ៊ុន សែន ដែលបានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា លើ​គម្រោង​ចំនួនពីរទី១) គម្រោងវារីអគ្គិសនីស្ទឹងអាតៃអានុភាព ១២០មេហ្កាវ៉ាត់ និងគម្រោង​ខ្សែ​បញ្ជូន និងទី២) អនុស្ថានីយ៍តង់ស្យុងខ្ពស់ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០គីទ្បូម៉ែត្រ។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះជំនួបពិភាក្សា​ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន China Datang Corporation Ltd. និងបានថ្លែងអំណរគុណ​ដល់ក្រុមហ៊ុន ដែលកន្លងមកបានបណ្តាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពល​នៅ​កម្ពុជា ហើយដែលបានដំណើរការដោយជោគជ័យ។

សម្តេចធិបតី ក៏បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគ​ផ្សេង​ទៀត​របស់ក្រុមហ៊ុនក្នុងវិស័យថាមពល នៅប្រទេសកម្ពុជា ជាពិសេសគម្រោងដែល​ពាក់​ព័ន្ធ​នឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ ក្នុងនោះ សម្តេចធិបតី ក៏បានលើក​ទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាច​ជួយ​ពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ៕