(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយនឹងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បាននាំយកថវិកាធានារ៉ាប់រងសង្គម ចំនួនជាង ១១០.៧៤៦.៦៨០រៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលី ១៤គ្រួសារ រស់នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ។ សកម្មភាពនេះ បានធ្វើឡើងនៅគេហដ្ឋានគ្រួសារសពឈ្មោះ សំ ឡែម នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន។

លោកបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ពីសុខទុក្ខអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ព្រោះអតីតយុទ្ធជន បានចូលរួមចំណែក ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា ថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូមពរដល់ គ្រួសារសពអតីតយុទ្ធជន ត្រូវខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិតដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់កំណត់៕